(មែនឆេស្ទើ)៖ លោក Mauricio Pochettino គ្រូបង្វឹកក្រុមលីគបារាំង Paris Saint-Germain ត្រូវបានរាយការណ៍ថា មានការចាប់អារម្មណ៍ក្នុងការចូលដឹកនាំក្រុមបិសាចក្រហម Manchester United ជំនួសតួនាទីរបស់លោក Ole Gunnar Solskjaer ដែលត្រូវដកតំណែងកាលពីថ្ងៃអាទីត្យ ពេលដែលអតីតគ្រូ Tottenham Hotspur ក្លាយជាជម្រើសល្អទី១។ នេះបើតាមការចេញផ្សាយដោយ Sky Sport នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

បច្ចុប្បន្នលោក Pochettino មានកិច្ចសន្យាដឹកនាំក្រុម PSG រហូតដល់ឆ្នាំ២០២៣ ខណៈក្លិប Man United កំពុងស្វែងរកជម្រើសរបស់ពួកគេចំពោះកន្លែងគ្រូបង្វឹកដែលនៅទំនេរនាកីឡដ្ឋាន Old Trafford គ្រាដែលអ្វីលោក Pochettino ត្រូវគិតដល់មុនគេនោះ គឺការប្រជែងជាមួយក្រុម Manchester City នៅពាន Champions League នាថ្ងៃពុធខាងមុខនេះ។

អតីតកីឡាករឆ្នើម Man United លោក Gary Neville មានការវិភាគថា លោកមានការជឿជាក់ថាលោក Pochettino អាចចាកចេញពី PSG មកកាន់ការងារនៅ Old Trafford បើសិនមានឱកាស៕