(ភ្នំពេញ)៖ កីឡាករម៉ូតូទឹកជម្រើសជាតិ ម៉ីន មូស្ដាន បានគ្រងចំណាត់ថ្នាក់លេខ១ ជំនួសបងជីដូនមួយ សាលី អ៊ូមើត លើវិញ្ញាសា Pro Am Ski Modified ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពានរង្វាន់អន្ដរជាតិ Jet Ski Pro Tour 2021 ជុំទី២ នៅប្រទេសថៃ ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេល ២ថ្ងៃ កាលពីថ្ងៃទី២០-២១ ខែវិច្ឆកាកន្លងទៅ។
កីឡាករ សាលី អូមើត ដែលទទួលបានចំណាត់ថ្នាក់លេខ១ កាលពីប្រកួតជុំទី១ ឬដំណាក់កាលទី១ បានឲ្យដឹងថា ការប្រកួតលើកនេះ ម៉ីន មូស្ដាន បានទទួលចំណាត់ថ្នាក់លេខ១ ក្រោយការព្យាយាមហ្វឹកហាត់ និងធ្វើបានយ៉ាងល្អក្នុងការប្រកួត។ ចំណែកខ្លួនវិញទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ បន្ទាប់ពីមានបញ្ហាម៉ូតូក្នុងការប្រកួតជុំទី៣ មិនអាចបញ្ចប់ការប្រកួតបាន។
យ៉ាងណាមិញ អូមើត បានវាយតម្លៃខ្ពស់ ចំពោះកីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា ដែលបានវិវត្តន៍សមត្ថភាពកាន់តែល្អប្រសើរក្នុងការប្រកួតនេះ ជាក់ស្ដែងដូចជា ម៉ីន មូស្ដាន ជាដើម។ រីឯកីឡាករវ័យក្មេង ២រូបនេះក៏ធ្វើបានល្អប្រសើរផងដែរ រួមមានកីឡាករ សាលី ហ្វីលីន ទទួលបានលេខ៤ លើវិញ្ញាសាស្គីអង្គុយ និងកីឡាករ កៃ វ៉ាន់ស៊ីដែន ទទួលបានលេខ៤ ដូចគ្នាលើវិញ្ញាស្គីឈរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Jet Ski Pro Tour 2021 បែងចែកការប្រកួតជា ៤ដំណាក់កាល ឬ ៤ជុំធំៗ ដោយមានកីឡាករមកពី ៥ប្រទេសចូលរួម មានកម្ពុជា អាមេរិក អាល្លឺម៉ង់ ឡាវ និងថៃ។ ចំពោះជុំទី១ បានប្រកួតកាលពីចុងខែតុលា ខណៈជុំទី២ បានប្រកួតកាលពីចុងសប្ដាហ៍កន្លងទៅ និងជុំទី៣ គ្រោងប្រកួតនាថ្ងៃទី០៤-០៥ ខែធ្នូ គ្រាដែលជុំទី៤ នៅមិនទាន់កំណត់កាលបរិច្ឆេទនោះទេ៕