(ភ្នំពេញ)៖ កម្មវិធី «Miss Grand International» ឆ្នាំ២០២១ ត្រូវបានគេដឹងថា កំពុងតែរៀបចំឡើង ដែលមានប្រទេសថៃធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ។ កម្មវិធីប្រកួតប្រជែងសម្រស់ និងសមត្ថភាព មានការចូលរួមពីសំណាក់បេក្ខនារីតំណាងប្រទេស មកពីជុំវិញពិភពលោក មកជួបជុំគ្នាបង្ហាញសមត្ថភាពពីមួយវគ្គទៅមួយវគ្គ ហើយបេក្ខនារីនីមួយៗបាននាំយកឈុតតំណាងជាតិនៃប្រទេសរៀងៗខ្លួន ដើម្បីបង្ហាញលើឆាកមួយនេះ។ ងាកមកបេក្ខនារីកម្ពុជា នឹងនាំយកឈុតតំណាងជាតិឈ្មោះថា «ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌» ដើម្បីបង្ហាញទៅកាន់ពិភពលោក។

បើតាមផេក «Miss Grand Cambodia» បានឲ្យដឹងយ៉ាងដូច្នេះថា ឈុតតំណាងជាតិកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឈុតនេះមានឈ្មោះថា «ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌»

ឈុតតំណាងជាតិនេះ គឺបាននាំយកទាំងព្យញ្ជនៈខ្មែរ ដួងព្រលឹងជាតិ និងឆ្នេរខ្សាច់សស្អាតនាខេត្តព្រះសីហនុ បូកបន្ថែមក្បូរក្បាច់រចនាយ៉ាងប្រណីតនៅក្នុងឈុត មានបង្កប់ក្នុងឈុតនេះផងដែរ។ ស្នាដៃនៃឈុតតំណាងជាតិនេះ គឺគូររូបដោយ លោក អាន សាមួន ច្នៃម៉ូតដោយលោក លី ភក្រ្តារដ្ឋហ្វុង និងលោក សាយ ធារ៉ា។

បច្ចុប្បន្នបេក្ខនារីតំណាងប្រទេសនីមួយៗកំពុងប្រកួតនូវវិញ្ញាសារជាបន្តបន្ទាប់ ដែលបានដាក់ជូនដោយគណៈកម្មការ «Miss Grand International» ប៉ុន្តែនៅមិនទាន់ដល់វគ្គប្រកួតឈុតតំណាងជាតិឡើយ ខណៈវគ្គប្រកួតឈុតតំណាងជាតិ គឺជាវគ្គមួយដែលទស្សនិកជនខ្មែរ និយមតាមដាន និងតែងតែចូលរួមបោះឆ្នោតជាហូរហែរហូតជារៀងរាល់ឆ្នាំផងដែរ។ «Miss Grand International» ដែលធ្វើឡើងនៅប្រទេសថៃនេះ នឹងឈានដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

គួរជម្រាបថា ជារៀងរាល់ឆ្នាំកម្ពុជា តែងតែធ្វើការបញ្ចូនបវរកញ្ញាតំណាងប្រទេសរបស់ខ្លួន ទៅចូលរួមប្រកួតក្នុងកម្មវិធី «Miss Grand International»។ នៅក្នុងឆ្នាំនេះកម្ពុជា បានបញ្ជូនកញ្ញាឯកតំណាងប្រទេស គឺកញ្ញា ប៉ូ គឹមថេងសុតធីតា ដើម្បីទៅចូលរួមប្រកួតលក្ខណៈអន្តរជាតិ។ តាមរយៈការចូលរួមក្នុងកម្មវិធីលំដាប់ពិភពលោកនេះ បវរកញ្ញាកម្ពុជា តែងតែនាំយកឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលមានការច្នៃប្រឌិតទៅបង្ហាញ ជាពិសេសគឺមានការនាំយកនូវទម្រង់សិល្បៈ ឈុតឆាកសម្តែងរបាំបុរាណ ក្បាច់គុនល្បុក្កតោទៅបង្ហាញ ដើម្បីផ្សព្វផ្សាយទៅកាន់ឆាកអន្តរជាតិផងដែរ៕