(ឡុងដ៍)៖ អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីមួយ ដោយបន្តដឹកនាំក្រុមតោកំណាចមួយនេះរហូតដល់ចុងឆ្នាំ២០២៤។ នេះបើតាមការប្រកាសពីសមាគមបាល់ទាត់អង់គ្លេស FA ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ចាប់តាំងពីត្រូវបានប្រគល់ការងារឲ្យពេញម៉ោងក្នុងឆ្នាំ២០១៦ មក អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានធ្វើឲ្យក្រុមជម្រើសជាតិមានសំណាងឡើងវិញ ដោយនាំពួកគេទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០១៨ និងវគ្គផ្តាច់ព្រ័ត្រ European Championship ក្នុងឆ្នាំនេះ។

អតីតកីឡាករលេងនៅក្លិប Crystal Palace និង Aston Villa លោក Southgate បានចាប់ផ្តើមអាជីពជាអ្នកចាត់ការរបស់លោក នៅឯក្លិប Middlesbrough ក្នុងឆ្នាំ២០០៦ មុនពេលទទួលបន្ទុកដឹកនាំក្រុម U-21 ក្រុមជម្រើសជាតិអង់គ្លេសក្នុងឆ្នាំ២០១៣។

កាលពីសប្តាហ៍មុនក្រុមរបស់លោក Southgate មានលក្ខខណ្ឌគ្រប់គ្រាន់ ជាក្រុមឈ្នះក្នុងពូលសម្រាប់ការប្រកួត World Cup ឆ្នាំក្រោយនៅប្រទេសកាតា ជាមួយនឹងជ័យជម្នះក្រៅទឹកដី ១០-០ លើក្រុមសាំងម៉ារ៉ាំង៕