(អាមេរិក)៖ ក្រុមហ៊ុន Samsung Electronics Co Ltd ត្រូវបានគេរាយការណ៍មកថា បានសម្រេចចិត្តជ្រើសរើសយកទីតាំងមួយក្នុងតំបន់ Taylor នៃរដ្ឋតិចសាស់ ដើម្បីបង្កើតរោងចក្រផលិតបន្ទះឈីបថ្មីដែលមានតម្លៃរហូតដល់ ១៧ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាម ការ ចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

កាសែត Wall Street Journal ដែលជាអ្នកចេញផ្សាយព័ត៌មាននេះមុនគេបានបញ្ជាក់ថា រដ្ឋាភិបាលនៃរដ្ឋតិចសាស់គ្រោងនឹងប្រកាស បង្ហាញ គម្រោងបង្កើតរោងចក្រផលិតបន្ទះឈីបរបស់ Samsung នៅថ្ងៃអង្គារនេះ ខណៈដែលខាងក្រុមហ៊ុន Samsung មិនទាន់បញ្ជាក់ ជា ផ្លូវការនោះទេ។

យោងតាមការចេញផ្សាយរបស់ Reuters កន្លងមកបានឱ្យដឹងថា រោងចក្រថ្មីនេះគឺជារោងចក្រទី២ហើយរបស់ Samsung ដែលមានវត្តមាន នៅក្នុងរដ្ឋតិចសាស់ ដែលវានឹងដើរតួយ៉ាងសំខាន់ក្នុងការផលិតបន្ទះឈីបសម្រាប់ ទូរស័ព្ទ និងរថយន្តបើកបរដោយស្វ័យប្រវត្តិ ខណៈដែលពិភពលោកកំពុងតែជួបបញ្ហាកង្វះខាតបន្ទះឈីប។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ បាននិងកំពុងតែសហការជាមួយនឹងក្រុមហ៊ុនផលិតឈីបយក្សលំដាប់ពិភពលោក TSMC និង Intel ដើម្បីពង្រីកការផ្គត់ផ្គង់ និងចែកចាយបន្ទះឈីបនៅលើទឹកដីសហរដ្ឋអាមេរិក ហើយវាក៏ជាយុទ្ធសាស្ត្រថ្មីដើម្បីពង្រីកទីផ្សារ និងឥទ្ធិពលសម្រាប់ប្រគួតប្រជែងជាមួយនឹងទីផ្សារប្រទេសចិន។

ថ្មីៗនេះប្រធានាធិបតីអាមេរិកលោក Joe Biden បានសន្យាថានឹងផ្តល់មូលនិធិតម្លៃរាប់ពាន់លានដុល្លារ ដើម្បីជំរុញការផលិតបន្ទះឈីប និងការស្រាវជ្រាវ ដើម្បីធានាថាវាមានប្រៀបជាងប្រទេសចិននៅក្នុងបច្ចេកវិទ្យាទំនើប និងដើម្បីដោះស្រាយកង្វះខាតសម្រាប់ឧស្សាហកម្មសំខាន់ៗដូចជារថយន្តជាដើម។

គួរបញ្ជាក់ផងដែរថា អនុប្រធានក្រុមហ៊ុន Samsung Electronics លោក Jay Y. Lee ថ្មីៗនេះ បានធ្វើទស្សនកិច្ចនៅក្នុងតំបន់អាមេរិកខាងជើង ដែលវាជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក បន្ទាប់ពីរួចផុតពីការឃុំខ្លួនក្នុងបទស៊ីសំណូក ខណ:ដែលវត្តមានរបស់លោកនៅលើ ទឹកដី អាមេរិកខាងជើងនេះត្រូវបានគេប៉ាន់ប្រមាណថាគឺជាការទៅពិនិត្យទីតាំងដើម្បីបង្កើតរោងចក្រផលិតបន្ទះឈីបដែលមានតម្លៃ ១៧ពាន់ លាន ដុល្លារអាមេរិក៕