(កូរ៉េ)៖ បន្ទាប់ពីមានភាពល្បីល្បាញខ្លាំង តាមរយៈការសម្តែងក្នុងរឿង «Squid Game» ជាតួអង្គ Seong Gi Hun ពាក់អាវលេខ ៤៥៦ ដែលមានឈ្មោះពិតហៅថា Lee Jung Jae ត្រូវបានទស្សនាវដ្តី GQ Korea ផ្តល់រហស្សនាមថា «Men of the Year» ប្រចាំឆ្នាំ២០២១ ខណៈការជាប់ឈ្មោះបែបនេះ គឺដោយផ្អែកទៅលើឥទ្ធិពល និងភាពល្បីល្បាញរបស់លោក នារយៈពេល១ខែចុងក្រោយនេះ។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន All-Kpop នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពី Netflix ដាក់បញ្ចាំងរឿងភាគកូរ៉េ «Squid Game» ភាពយន្តមួយនេះ បានទទួលចំណាត់ថ្នាក់កំពូល ក្នុងចំណោមខ្សែភាពយន្តដែលមានការចូលទស្សនាច្រើនបំផុត ពី៩៤ប្រទេសលើពិភពលោក។ ទន្ទឹមនឹងភាពជោគជ័យនៃភាពយន្តមួយនេះ ងាកមកតួសម្តែង គឺ លោក Lee Jung Jae ដែលជាតួអង្គ Seong Gi Hun ស្រាប់តែបានក្លាយជាតារាសម្តែងមានតម្លៃខ្លួនខ្ពស់ និងក្លាយជាតារាសម្តែងឆ្នើមផងដែរ។

អ្វីដែលពិសេសនៅពេលនេះ លោក Lee Jung Jae ត្រូវបានទស្សនាវដ្តី GQ Korea ផ្តល់រហស្សនាមឲ្យថា «Men of the Year» ប្រចាំឆ្នាំ២០២១ តែម្តង ខណៈការដាក់ឈ្មោះនេះ គឺជាការជ្រើសរើសក្នុងចំណោមតារាប្រុសល្បីជាច្រើនរូបទៀត។

គួរជម្រាបថា រឿង «Squid Game» ដែលលោក Lee Jung Jae ចូលរួមសម្តែងជាតួអង្គសំខាន់ពាក់អាវលេខ ៤៥៦ ត្រូវបានគេដឹងថា រកចំណូលពីការចាក់បញ្ចាំងបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈពេល១ខែដំបូង។ បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាពេលថ្មីៗនេះបានឲ្យដឹងថា រឿងនេះរកចំណូលពីការចាក់បញ្ចាំងនៅទូទាំងពិភពលោក បានរហូតដល់ទៅប្រមាណ ៩០០លានដុល្លារអាមេរិក ខណៈការចាយដើមទុនផលិតអស់ត្រឹមតែ ២១.៤លានដុល្លារប៉ុណ្ណោះ៕