(បាសេឡូណា)៖ ខ្សែបម្រើប្រយុទ្ធ Pedri របស់ក្លិបអ្នកមានបុណ្យ FC Barcelona បានឈ្នះពានកីឡាករវ័យក្រោម ២១ឆ្នាំលេងល្អបំផុតប្រចាំទ្វីបអឺរ៉ុប ឆ្នាំ២០២១ (Golden Boy) តែជាកីឡាករលេងឲ្យក្លិប អ្នកមានបុណ្យទី២ បន្ទាប់ពី Lionel Messi ដែលឈ្នះពាននេះ ក្រោយពេលបង្កើតដំបូងនៅឆ្នាំ២០០៣ ឈ្នះដោយលោក Rafael van der Vaart។
ពាននេះឈ្នះដោយខ្សែប្រយុទ្ធ Erling Braut Haaland របស់ក្លិប Borussia Dortmund កាលឆ្នាំ២០២០ កន្លងទៅ។
Predri ដែលមានវ័យទើបតែ ១៨ឆ្នាំនោះ បានលេង ៥៣ប្រកួតឲ្យក្លិប FC Barcelona នារដូវកាលមុន ដែលបានយកឈ្នះគូប្រជែងខ្សែបម្រើដូចគ្នា Jude Bellingham ដែលទទួលបាន ១៩៩ពិន្ទុក្នុងការទទួលបានតំណែងនេះ។
Pedri បានលេងគ្រប់យុទ្ធនាការសម្រាប់ក្លិបអាជីព និងក្រុមជម្រើសជាតិអេស្ប៉ាញនៅពាន Euro 2020 រួមទាំងឈ្នះមេដាយប្រាក់នៅ Olympic Games 2020 នៅប្រទេសជប៉ុនទៀតផង មុនទទួលរងរបួសភ្លៅខកខានប្រកួតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១ មក។
សូមរំលឹកថា Pedri បានផ្ទេរចេញពីក្លិប Las Palmas មកកាន់ក្លិបនៅតំបន់ Catalan និងទើបបន្តកិច្ចសន្យាថ្មីនាខែតុលា ឆ្នាំ២០២០ ដែលមានតម្លៃទិញផ្តាច់កិច្ចសន្យាកើនដល់ ៨៤៦លានផោនផងដែរ៕