(លីយ៉ុង)៖ ក្លិបបាល់ទាត់អាជីព Lyon ត្រូវបានសហព័ន្ធបាល់ទាត់បារាំង ដាក់ពិន័យមិនឲ្យមានអ្នកគាំទ្រចូលរួមទស្សនា ក្នុងកីឡដ្ឋានយ៉ាងហោចណាស់ក៏ដល់ថ្ងៃទី០៨ ខែធ្នូខាងមុខ ក្រោយពេលអ្នកគាំទ្របានគប់ដបទឹកសុទ្ធត្រូវក្បាល Dimitri Payet ធ្វើឲ្យមានរបួសនាសប្តាហ៍មុនរួចមក។

ការប្រកួត Ligue 1 នារាត្រីថ្ងៃអាទិត្យសប្តាហ៍មុននៅកីឡដ្ឋាន Groupama ត្រូវបានចាត់ទុកថា ជាជំនួបដ៏អាក្រក់បំផុត នៅពេលអ្នកគាំទ្រគប់ដបទឹកសុទ្ធមានទឹកពេញត្រូវក្បាលកីឡាករ Dimitri Payet ដែលរៀបចំទាត់បាល់ចេញពីជ្រុង ធ្វើឲ្យមានរបួសនោះ មុនពេលបង្ខំចិត្តឆាចោលការប្រកួតទាំងស្រុងនោះ។

យ៉ាងនេះក្តី ការប្រកួតក្នុងផ្ទះរបស់ក្លិប Lyon នឹងមិនមានអ្នកទស្សនារបស់ខ្លួនចូលរួមឡើយ ដោយយ៉ាងហោចណាស់ក៏ដល់ថ្ងៃទី០៨ ខែក្រោយផងដែរ គ្រាដែលសមត្ថកិច្ចកំពុងស៊ើបអង្កេតរឿងនេះ។

ភ្លាមៗនោះដែរ លោក Jean-Michel Aulas ប្រធានក្លិប Lyon ក៏បានចេញមកសុំទោសជាសាធារណៈ និងកីឡាករ Payet ចំពោះរឿងដែលបានកើតដោយចេតនានេះដែរ ស្របពេលដែលរបាយការណ៍ដែលចេញដោយសហព័ន្ធ Ligue 1 ក៏បានបញ្ជាក់ដែរថា ការប្រកួតក្នុងផ្ទះរបស់ Lyon ដែលត្រូវប៉ះក្រុម Reims ពុំមានអ្នកគាំទ្រចូលរួមឡើយ នៅពេល ទោសទណ្ឌ និងកាលបរិច្ឆេទប្រកួតទល់នឹង Marseille ក៏ត្រៀមប្រកាសនៅថ្ងៃទី០៨-ធ្នូផងដែរ៕