(ភ្នំពេញ)៖ ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលស្ថិតនៅលើផ្លូវ២៧១ ប៉ែកខាងត្បូង រាជធានីភ្នំពេញ កំពុងស្ថិតនៅក្រោមការសាងសង់យ៉ាងមមាញឹក ដែលគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ ហើយត្រៀមនឹងបើកទ្វារទទួលស្វាគមន៍អតិថិជនទាំងអស់ មកជួបជុំកម្សាន្ត និងទិញទំនិញ។

លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានឲ្យដឹងថា៖ «ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាគម្រោងផ្សារទំនើបធំជាងគេរបស់យើង ហើយវិនិយោគក្នុងទំហំទឹកប្រាក់ជាង ១៥០លានដុល្លារអាមេរិក មានកម្ពស់៤ជាន់ និងមានទីតាំងសម្រាប់ជួលជិត៣០០ទីតាំង ជាមួយនឹងការរចនាដ៏ទាក់ទាញ»

លោកបានបន្តថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ត្រូវបានរចនាឡើងយ៉ាងប្រណីត ខុសប្លែកពីផ្សារទំនើបដទៃទៀត ជាពិសេសគឺរូបរាងដ៏ធំសម្បើមប្រៀបដូចជានាវា និងផ្ទៃលំហដល់ទៅ ៣០ភាគរយនៃផ្សារទាំងមូល សម្រាប់អតិថិជនដើរកម្សាន្ត និងញ៉ាំអាហារជាមួយនឹងខ្យល់អាកាសធម្មជាតិ។ ចំណែកផ្សារទាំងមូលក៏មានបំពាក់ទៅដោយគ្រឿងបរិក្ខារទំនើបៗ ប្រកបដោយសុវត្ថិភាព និងអាចដាក់រថយន្តរហូតដល់ទៅ៤០០០គ្រឿង។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ស្ថិតនៅក្នុងតំបន់ទីប្រជុំជន ដែលនៅក្បែរផ្លូវសំខាន់ៗដល់ទៅ៣ខ្សែ រួមមានផ្លូវ២៧១ ផ្លូវ៣៧១ និងផ្លូវ៦០ម៉ែត្រ ដែលធ្វើឲ្យចរាចរណ៍ទៅមកទីនេះមានភាពងាយស្រួលយ៉ាងខ្លាំង៕

សូមទស្សនាវីដេអូខាងក្រោម៖ https://www.youtube.com/watch?v=LgVecXqSpqg