(ភ្នំពេញ)៖ ក្រុមបាល់ទាត់វិសាខា បានឡើងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៥ ឆ្នាំ២០២១ ហើយ ក្រោយវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះបឹងកេត ដោយលទ្ធផល ២-១ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកានេះ ដើម្បីបន្ដដំណើរការពារតំណែងជើងឯករបស់ខ្លួន បន្ទាប់ពីត្រូវក្រុមនាគខៀវនាំមុខ ១គ្រាប់មុន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

ការប្រកួតបន្ដពីនាទីទី៥៣ ពោលគឺនៅសល់រយៈពេល ៣៧នាទីចុងក្រោយ បន្ទាប់ពីផ្អាកការប្រកួត និងលើកពេល ដោយសារមានភ្លៀងធ្លាក់ខ្លាំង មិនអាចបន្ដការប្រកួតដល់ចប់ កាលពីម្សិលមិញនេះ វិសាខា បានផ្លាស់ប្ដូរយុទ្ធសាស្ដ្រលេងគួរឲ្យកត់សម្គាល់ ដោយបានវាយសម្រុកខ្លាំងលើក្រុមម្ចាស់ផ្ទះ ផ្ទុយពីម្សិលមិញ ដែលបឹងកេត បានដាក់សម្ពាធច្រើនលើក្រុមភ្ញៀវវិសាខា ។

ក្រោយបន្ដលេងបាន ៧នាទី ខ្សែប្រយុទ្ធ កែវ សុខផេង បានស៊ុតគ្រាប់បាល់តាមស្មើឲ្យវិសាខា នៅនាទី៦០ មុនកីឡាករ ច្រឹង ពលរដ្ឋ តែតបញ្ចូលទីគ្រាប់ទី២ ឲ្យវិសាខា បើកការនាំមុខក្រុមម្ចាស់ផ្ទះ ២-១ វិញ នៅនាទី៧៥ ។ បន្ទាប់មកបឹងកេត បានព្យាយាមវាយបកវិញ តែមិនអាចទម្លាយរបាំងការពាររបស់ក្រុមជើងឯកឆ្នាំចាស់នេះបានឡើយ ។ មិនតែប៉ុណ្ណោះ មុនបញ្ចប់ការប្រកួត អ្នកចាំទីបឹងកេត ហ៊ុល គីមហ៊ុយ ត្រូវបានពិន័យកាតក្រហម ក្រោយបង្កកំហុសចាប់ទាញកីឡាករវិសាខាទៀតផង ។

គួរដឹងថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាងក្រុមទាំងពីរ ដំណើរការប្រកួតបានតែ ៥៣នាទីប៉ុណ្ណោះ មុនមានភ្លៀងធ្លាក់ខ្លាំង មិនអាចបន្ដការប្រកួតបាន ស្របពេលក្រុមបឹងកេត រកបាន ១គ្រាប់មុន ដោយខ្សែការពារ សឿត ណាវ៉ា នៅនាទី១៧ ។ ជាមួយការវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះបឹងកេត ២-១ វិញ បានធ្វើឲ្យក្រុមវិសាខា ត្រូវឡើងទៅជួបក្រុមព្រះខ័នរាជស្វាយរៀង នៅវគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងប្រកួតនាថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខ ។ រីឯបឹងកេត ត្រូវជួបក្រុមភ្នំពេញក្រោន ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ ៕