(ប៉ារីស)៖ ខ្សែការពារ Sergio Ramos របស់ក្លិប Paris St Germain ត្រូវបានគេកំណត់ ដើម្បីចូលរួមប្រកួតលើកដំបូងរបស់លោក ក្នុងរយៈពេលជាង៦ខែ បន្ទាប់ពីត្រូវបានតែងតាំងក្នុងក្រុម សម្រាប់ការប្រកួតក្រៅទឹកដី ក្នុងពូល A លីគ Champions League នាថ្ងៃពុធ ដែលត្រូវប៉ះក្រុម Manchester City, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះ បានចូលរួមជាមួយក្លិប PSG កាលពីខែកក្កដា លើកិច្ចសន្យាផ្ទេរដោយគ្មានតម្លៃខ្លួន បន្ទាប់ពីបញ្ចប់អាជីពរយៈពេល១៦ឆ្នាំ ជាមួយក្លិប Real Madrid ប៉ុន្តែមិនអាចប្រកួតបាន ដោយសារតែរងរបួសកំភួនជើងរយៈពេលយូរ ដែលនាំឲ្យលោកខកខានការប្រកួតសំខាន់ៗជាច្រើន កាលពីរដូវកាលមុន និងយុទ្ធនាការ Euro 2020 របស់ក្រុមជម្រើសជាតិអេស្ប៉ាញផងដែរ។

កីឡាករវ័យ៣៥ឆ្នាំរូបនេះ អាចហ្វឹកហាត់បាន អស់រយៈពេល៣សប្តាហ៍មកហើយ ដោយគ្មានការរំខាននោះទេ ហើយត្រូវបានតែងតាំងនៅក្នុងក្រុម២៣នាក់ របស់គ្រូបង្វឹក Mauricio Pochettino សម្រាប់ការធ្វើដំណើរទៅជួបក្រុម City។

PSG កំពុងឈរនៅលំដាប់ទី២ ក្នុងពូល A ជាមួយនឹង៨ពិន្ទុក្នុងដៃ, ១ពិន្ទុ នៅពីក្រោយក្រុមនាំមុខ Man City ដែលនៅសល់២ប្រកួតទៀត៕