(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសអំពីការទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ យុវជនអាយុក្រោម ២៣ឆ្នាំ ឆ្នាំ២០២២ (AFF U23 Championship 2022) ជាផ្លូវការហើយ ខណៈការប្រកួតនឹងរៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍ របស់ក្លិបបាល់ទាត់វិសាខា។

នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានសម្ដែងនូវក្ដីរីករាយចំពោះការទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ ហើយលោកក៏បានថ្លែងអំណរគុណសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ដែលបានជឿជាក់ឲ្យកម្ពុជារៀបចំព្រឹត្តិការណ៍ប្រចាំតំបន់នេះ ខណៈលោកបានសន្យានឹងរៀបចំការប្រកួតពានរង្វាន់យុវជនប្រចាំតំបន់មួយនេះ ឲ្យទទួលបានជោគជ័យថែមទៀតផង។

ចំពោះកាលបរិច្ឆេទនៃការប្រកួតគ្រោងប្រព្រឹត្ដទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយគ្រោងមានក្រុមសមាជិក AFF ចំនួន ១២ក្រុមចូលរួម រួមមានកម្ពុជា ថៃ វៀតណាម សិង្ហបុរី មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ឡាវ ទីម័រខាងកើត ព្រុយណេ និងអូស្ដ្រាលីជាដើម។

នេះគឺជាព្រឹត្តិការណ៍អន្ដរជាតិផ្លូវការដំបូង ដែលនឹងប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាកន្លែងត្រៀមស្វាគមន៍ពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា៕