(មេនឆេស្ទើ)៖ ថ្នាក់ដឹកនាំនៃក្លិប Manchester United បានធ្វើការទាក់ទងទៅលោក Ernesto Valverde អតីតគ្រូបង្វឹកក្លិប FC Barcelona ដើម្បីមកធ្វើជាអ្នកចាត់ការទូទៅស្តីទី ទម្រាំដល់រកគ្រូបង្វឹកថ្មីបានជំនួសកៅអីលោក Ole Gunnar Solskjaer ដែលត្រូវបានបញ្ចប់តំណែងកាលពីថ្ងៃអាទិត្យនោះ។

បុរសសញ្ជាតិអេស្ប៉ាញ វ័យ ៥៧ឆ្នាំ បានទំនេរពីការគិតចាប់តាំងពីខែមករា ឆ្នាំ២០២០ មក នៅក្រោយពេលក្លិបអ្នកមានបុណ្យ Barcelona បញ្ចប់តំណែង និងត្រូវបានគេមើលឃើញថា អាចក្លាយជាគ្រូពេញសិទ្ធិនៅទឹកដី Old Trafford នាពេលខាងមុខផងដែរ។

កាលដឹកនាំ FC Barcelona លោក Valverde បានឈ្នះពាន La Liga និងពាន Copa del Rey ជាមួយក្លិបអ្នកមានបុណ្យ ដ្បិតមិនជោគជ័យក្នុងពានធំ UEFA Champions League ក៏ដោយ។

ក្រៅពីលោក Ernesto Valverde ក្លិបលេងនៅ Premier League បិសាចក្រហមខាងលើនេះ ក៏បានធ្វើការទាក់ទងទៅលោក Zinedine Zidane ដែលបានទំនេរពីការងារក្នុងឆ្នាំ២០២០ មកដែរ គ្រាដែលលោក Mauricio Pochettino ដែលកំពុងដឹកនាំក្លិប Paris Saint-Germain ក៏ចាប់អារម្មណ៍ការងារនៅ Old Trafford ដូចគ្នា លើកលែងតែអតីតគ្រូបង្វឹកក្លិប Real Madrid លោក Zidane ចង់បានការងារនៅបារាំងច្រើនជាង៕