(ក្រុងឡុងដ៍)៖ តោខៀវ Chelsea ដែលជាក្រុមការពារតំណែងជើងឯកនោះ បានយកឈ្នះគូប្រជែងសេះបង្កង់ Juventus ដល់ទៅ ៤ទល់នឹង០ នារាត្រីឆ្លងចូលថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា) ដើម្បីទទួលបានកៅអី១ ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃពានអឺរ៉ុប UEFA Champions League។
ក្រុមរបស់លោក Thomas Tuchel បានចូលរួមជាមួយ Ajax, Liverpool, Bayern Munich និង Juventus ក្នុងការឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល ធ្វើដំណើរទៅលេងវគ្គចាញ់-ធ្លាក់ ១៦ក្រុមចុងក្រោយជាបន្តទៀត ដ្បិតពួកគេឡើងឈរនៅកំពូលតារាងនៃពូល H ជាបណ្តោះអាសន្នវិញ ដោយមាន ១២ពិន្ទុស្មើក្រុមលេខ២ Juventus ដោយនៅសល់ ១ប្រកួតទៀតបិទកម្មវិធីប្រកួតតាមពូល។
កីឡាករ Chalobah, Reece James, Hudson-Odoi និង Timo Werner សុទ្ធសឹងតែចូលរួមចំណែករកបានម្នាក់ ១គ្រាប់ដូចៗគ្នាក្នុងជំនួបឈ្នះដ៏ពេញចិត្តនៅទឹកដី Stamford Bridge ក្រោយពេលពួកគេបរាជ័យត្រឹម ១-០ នៅទឹកដី Turin ប្រទេសអ៉ីតាលីកាលពីជើងទី១។
តែយ៉ាងណា វាបានក្លាយជាការចាញ់ច្រើនគ្រាប់សម្រាប់ក្លិបមកពីអ៉ីតាលី នៅក្របខណ្ឌអឺរ៉ុប Champions League និងបន្តកំញើញដល់គូប្រជែងនៅ Premier League ដែលតោខៀវធ្លាប់បានយកឈ្នះ ១-០ Manchester City នាខែឧសភារដូវកាលមុន និងទើបតែរបូត ២៤គ្រាប់ប៉ុណ្ណោះ ក្រោមការបង្វឹករបស់អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់ Thomas Tuchel ក្នុងចំណោម ៥០ប្រកួតមកនេះ៕