(កូរ៉េ)៖ បន្ទាប់ពីបានសាងប្រវត្តិសាស្ត្រថ្មី ក្លាយជាតារាដំបូងបង្អស់នៅអាស៉ីដែលទទួលបានពានរង្វាន់ផ្នែក «Artist of the Year» ពីកម្មវិធី «American Music Awards» ហើយនោះ នៅពេលនេះក្រុមចម្រៀងបុរសល្បីឈ្មោះប្រចាំវិស័យ K-POP គឺ BTS ត្រូវបានរាយការណ៍មកថា ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់មួយទៀតហើយ ពីកម្មវិធីប្រគល់ពានរង្វាន់ដ៏ធំប្រចាំឆ្នាំរបស់អាមេរិក «Grammy Awards» ឆ្នាំ២០២២ ។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមចម្រៀង BTS ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ «Best Pop Duo/Group Performance» សម្រាប់បទចម្រៀង «Butter» នៅក្នុងកម្មវិធីប្រចាំឆ្នាំ «Grammy Awards» ឆ្នាំ២០២២។ Grammy Awards គឺជាកម្មវិធីពានរង្វាន់ផ្នែកតន្ត្រីដ៏ធំបំផុតមួយ ដែលបានធ្វើឡើងជារៀងរាល់ឆ្នាំអស់រយៈពេល៦២ឆ្នាំមកហើយ។ វាគឺជាកម្មវិធីធំជាងគេមួយ ក្នុងចំណោមកម្មវិធីពានរង្វាន់ផ្នែកតន្ត្រីផ្សេងទៀត ដូចជា «Billboard Music Awards» និង «American Music Awards»

គួរជម្រាបថា ប៉ុន្មានថ្ងៃមុននេះ ក្រុមចម្រៀង BTS ទើបតែទទួលបានពានរង្វាន់ដ៏អស្ចារ្យមួយ គឺ «Artist of the Year» ពីកម្មវិធី «American Music Awards» ដែលធ្វើឲ្យក្រុមនេះ ក្លាយជាតារាដំបូងបង្អស់នៅអាស៉ីដែលបានទទួលពានរង្វាន់ផ្នែកនេះ «Artist of the Year»។ ក្រោយទទួលបានពានរង្វាន់នេះហើយ ក្រៅពីអ្នកគាំទ្រចូលរួមសាទរ គេក៏ឃើញមានប្រធានាធិបតីរបស់កូរ៉េត្បូង លោក Moon Jae-In បង្ហោះសារលើបណ្តាញសង្គម សម្តែងពីមោទនភាព និងចូលរួមអបអរសាទរចំពោះក្រមចម្រៀង BTS ផងដែរ៕