(ភ្នំពេញ)៖ តារាចម្រៀងវ័យក្មេង សំឡេងមានទឹកដម ត្រូវស្ទើរគ្រប់ប្រភេទចម្រៀង គឺកញ្ញា តន់ ចន្ទសីម៉ា ត្រូវបានមហាជនខ្មែរដឹងថា ចាប់តាំងពីបានឈានជើងចូលជ្រកក្រោម ទ្រនំផលិតកម្ម Galaxy Navatra មក ប្រជាប្រិយភាពរបស់នាង ហាក់កើនឡើងជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងថ្មីៗនេះ តាមរយៈស្នាដៃចម្រៀងថ្មី «Are You Ok?» ឈ្មោះរបស់តារាចម្រៀងរូបនេះ បានល្បីល្បាញដល់ក្រៅប្រទេសទៀតផង។ ទន្ទឹមនឹងជោគជ័យលើអាជីពសិល្បៈ តន់ ចន្ទសីម៉ា ទទួលបានការងារធំៗជាបន្តបន្ទាប់ ជាមួយប្រាក់ចំណូលដ៏ច្រើន សូម្បីតែរូបនាងផ្ទាល់ក៏មិនធ្លាប់ស្រមៃពីមុនមកដែរ។ ជាមួយនឹងការទទួលប្រាក់ចំណូលច្រើន ពេលនេះ នាងបានធ្វើរឿងដ៏គួរឲ្យសរសើរមួយ គឺបានប្រកាសឧបត្ថម្ភប្រាក់១០០លានរៀល ទៅកាន់សិល្បៈបុរាណ មានដូចជាល្ខោនខោល ចាប៉ីដងវែង និងសមាគមអ្នកនិពន្ធខ្មែរជាដើម។
តារាចម្រៀងគ្រាប់ពេជ្រ ប្រចាំផលិតកម្ម Galaxy Navatra បានឲ្យដឹងយ៉ាងដូច្នេះថា «នាងខ្ញុំ តន់ ចន្ទសីម៉ា សូមឧបត្ថម្ភ ១០០លានរៀល ទៅកាន់សិល្បៈបុរាណដូចជាល្ខោនខោល ចាប៉ីដងវែង និងសមាគមអ្នកនិពន្ធខ្មែរ។ល។ តាមរយៈប្រធាននាយកដ្ឋានភាពយន្ត របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ នាងខ្ញុំពិតជារំភើបគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ព្រោះប៉ុន្មានថ្ងៃនេះ សីម៉ាទទួលបានការផ្សព្វផ្សាយ លើក្រុមហ៊ុនធំៗបី ដោយទទួលបានប្រាក់ឈ្នួល ដែលមិនធ្លាប់ស្រមៃពីមុនមក»។
ម្ចាស់បទ «Are You Ok?» រូបនេះបានបន្តថា «នាងខ្ញុំមានតែម្រាមដៃដប់អរគុណពុកម៉ែបងប្អូនទាំងអស់គ្នា សម្រាប់ភាពជោគជ័យដ៏ធំមួយនេះ ក្នុងជីវិតខ្ញុំ បើគ្មានការគាំទ្រពីពុកម៉ែបងប្អូនទាំងអស់គ្នាទេ សីម៉ា ពិតជាគ្មានថ្ងៃនេះទេ»។
គួរជម្រាបថា តារាចម្រៀង តន់ ចន្ទសីម៉ា ប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានមហាជនដឹងថា មានភាពល្បីល្បាញយ៉ាងខ្លាំង ដោយទទួលបានការគាំទ្រជាបន្តបន្ទាប់ ពីសំណាក់ទស្សនិកជន ជាពិសេសពីសំណាក់យុវវ័យ។ តារាស្រីរូបនេះ ត្រូវបានគេដឹងថា មានសំឡេងពីរោះមានទឹកដម មិនថាចម្រៀងញាក់កន្ត្រាក់អារម្មណ៍ មនោសញ្ចេតនាស្នេហាកំសត់ ឬចម្រៀងបែបណានោះទេ តារាស្រីរូបនេះ គឺអាចបត់បែនបាន គ្រប់ប្រភេទចម្រៀងទាំងអស់។ ចំណុចនេះ បានធ្វើឲ្យទស្សនិកជនកាន់តែគាំទ្រនាងថែមទៀត ខណៈរាល់ចម្រៀងដែលតារាស្រីរូបនេះបង្ហើរសំនៀងឡើង គឺតែងតែទទួលការគាំទ្រខ្លាំង ជាក់ស្តែងបទថ្មីចុងក្រោយរបស់នាង គឺ «Are You Ok?» មានការចូលទស្សនា និងស្តាប់រហូតដល់ ៦០លានដងឯណោះ ក្នុងរយៈពេល២សប្តាហ៍ដំបូង៕