(ប៉ារីស)៖ បារាំង ត្រូវតែពង្រឹងវិធានការការពារសន្តិសុខជាបន្ទាន់ នៅឯពហុកីឡដ្ឋានប្រកួតបាល់ទាត់របស់ខ្លួន។ នេះបើតាមសម្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin បានលើកឡើងនៅថ្ងៃអង្គារនៅក្នុងកិច្ចប្រជុំមួយជាមួយរដ្ឋមន្ត្រីកីឡា លោកស្រី Roxana Maracineanu ក្រោយពីមានការផ្ទុះឡើងថ្មីចុងក្រោយ នៃអំពើហិង្សាពីអ្នកគាំទ្រ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Darmanin បានលើកឡើងថា អាជ្ញាធរបារាំងគួរតែពិនិត្យតំបន់មួយចំនួន ដូចជាការដាក់បម្រាមលើអ្នកគាំទ្រ និងកីឡដ្ឋាន ដាក់កាមេរ៉ាឃ្លាំមើលបន្ថែមទៀតនៅជុំវិញកន្លែងប្រកួត និងបញ្ជាក់ថាតើអ្នកណា នឹងមានសិទ្ធិអំណាច ក្នុងការលុបចោលការប្រកួត ក្នុងករណីមានអំពើហិង្សាពីអ្នកគាំទ្រ។

ការប្រជុំរបស់រដ្ឋមន្ត្រី Darmanin បានធ្វើឡើង បន្ទាប់ពីការប្រកួតកាលពីថ្ងៃអាទិត្យរវាងក្លិប Olympique Lyonnais និងក្លិប Olympique Marseille ត្រូវបានបញ្ឈប់ដោយសារតែមានអំពើហិង្សាពីហ្វូងអ្នកគាំទ្រនៅអំឡុងប្រកួត។

គណៈកម្មការវិន័យលីគបារាំង នៅថ្ងៃចន្ទបានលើកឡើងដែរថា ក្លិប Lyon នឹងត្រូវប្រកួតធ្វើជាម្ចាស់ផ្ទះក្នុងលីគ Ligue 1 របស់ពួកគេនៅពីក្រោយការបិទទ្វារ រហូតដល់ខ្លួនសម្រេចលើឧបត្តិហេតុនៅថ្ងៃទី០៨ ខែធ្នូខាងមុខ ក្រោយពីការស៊ើបអង្កេត។

«យើងត្រូវតែសម្រេច ដើម្បីធានាថាយើងអាចការពារមិនឲ្យហេតុការណ៍បែបនេះកើតឡើងម្តងទៀត។ ដូច្នេះវិស័យបាល់ទាត់ នៅតែជាព្រឹត្តិការណ៍មានប្រជាប្រិយភាព»។ នេះបើតាមសម្តីលោក Darmanin បានប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំនោះ៕