(តូក្យូ)៖ ព្រឹត្តិការណ៍វាយកូនគោល DP World Tour ដែលជាអតីតព្រឹត្តិការណ៍ European Tour នោះ នឹងរៀបចំការប្រកួតនៅក្នុងប្រទេសជប៉ុន ជាលើកដំបូង ក្នុងឆ្នាំ២០២២ ខាងមុខ។ នេះបើតាមអ្នករៀបចំកម្មវិធីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ព្រឹត្តិការណ៍មានតម្លៃ ២លានដុល្លារ ដែលសហការរៀបចំដោយ DP World Tour និង Japan Golf Tour នេះ នឹងធ្វើឡើងនៅទីលានវាយកូនគោល PGM Ishioka Golf Club ស្ថិតក្នុងទីក្រុង Omitama ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំក្រោយ។

ជប៉ុន នឹងក្លាយជាប្រទេសផ្សេងពីគ្នាទី៥១ ដែលបានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតវាយកូនគោលនេះ។

គួររំលឹកថា ក្រុមហ៊ុន DP World ដែលមានមូលដ្ឋាននៅទីក្រុង Dubai ប្រទេសអារ៉ាប់រួមនោះ បានប្រកាសកាលពីដើមខែនេះថា ខ្លួននឹងក្លាយជាអ្នកឧបត្ថម្ភថ្មី នៃព្រឹត្តិការណ៍ European Tour ដែលចាប់ផ្តើមនាឆ្នាំក្រោយ ជាមួយនឹងរដូវកាលឆ្នាំ២០២២ ដែលបានកែប្រែថ្មីនេះនឹងមានព្រឹត្តិការណ៍យ៉ាងតិច៤៧ នៅក្នុង ២៧ប្រទេសឡើងវិញ៕