(សៀមរាប)៖ ក្រុមការងារអាជ្ញាធរជាតិអប្សរាបានប្រទះឃើញ «ថាសលោហៈ» ធំមួយកប់ដីក្នុងដីនៅចន្លោះរានហាល និងបណ្ណាល័យខាងត្បូងប្រាសាទអង្គរវត្ត ប៉ុន្តែអ្នកជំនាញនៅមិនទាន់កំណត់អត្តសញ្ញាណ និងអាយុកាលនៃថាសលោហៈនេះបាននៅឡើយទេ។
អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ថាសលោហៈនេះត្រូវបានរកឃើញនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។
បុរាណវត្ថុនេះដែរមានទំហំអង្កត់ផ្ចិត៦២សង់ទីម៉ែត្រ ផ្ទៃបាតរាងមូលមានជម្រៅបាតថាស៣សង់ទីម៉ែត្រ និងរីកមាត់ឡើងមកលើបន្តិច និងបត់រាបស្មើ ដោយផ្នែកខាងចុងមានរាងក្បាច់កោងតូចៗព័ទ្ធជុំវិញ។
អាជ្ញាធរជាតិអប្សរាបានបន្តថា នៅលើផ្ទៃថាសទាំងមូលនេះពុំឃើញមានក្បាច់លម្អ ឬអក្សរអ្វីដែលអាចឱ្យគេកំណត់ពីអាយុកាលនៃវត្ថុនេះឱ្យបានច្បាស់លាស់នៅឡើយទេ។
បច្ចុប្បន្ន ក្រុមចុះបញ្ជីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានយកមករក្សាទុកជាបណ្តោះអាសន្ននៅមជ្ឈមណ្ឌលជាតិអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការចុះបញ្ជី និងកំណត់អត្តសញ្ញាណវត្ថុបុរាណនេះជាដំបូងសិន មុននឹងលាងសម្អាត និងជួសជុលតាមបច្ចេកទេសជំនាញជួសជុលវត្ថុបុរាណជាបន្តទៀត៕