(ភ្នំពេញ)៖ ក្រុមហ៊ុនក្នុងស្រុកជាច្រើន បានរួមគ្នាផ្តល់ការគាំទ្រដល់ខេត្តសៀមរាប ដើម្បីជួយស្តារវិស័យទេសចរណ៍ឡើងវិញ តាមរយៈការឧបត្ថម្ភដល់មហោស្រពសិល្បៈ អន្តរជាតិអង្គរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ក្រោមការអនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជា។

មហោស្រពនេះរៀបចំដោយក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd. និងមានកិច្ចសហការផ្នែកសិល្បៈ បច្ចេកទេស និងរដ្ឋបាលជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអបអរសាទរការដាក់ខេត្តសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន ២០២០-២០២២ និងមានការចូលរួមឧបត្ថម្ភ រួមមាន៖ ធនាគារកាណាឌីយ៉ា ធនាគារហ្វីលីព សហព័ន្ធស្វីស មូលនិធិវប្បធម៌និងទេសរណ៍ Chengdu និងសហភាពអឺរ៉ុប និងមានក្រុមហ៊ុន និងស្ថាប័នផ្សេងទៀតកំពុងពិចារណា អំពីរបៀបដែលពួកគេអាចជួយបានផងដែរ។

លោក Aaron Carpene ជាអគ្គនាយក និងជានាយកផ្នែកសិល្បៈនៃមហោស្រពសិល្បៈអន្តរជាតិអង្គរ បានថ្លែងថា ដោយសារការរាតត្បាតជំងឺកូវីដ-១៩ ខេត្តសៀមរាប បានទទួលរងគ្រោះយ៉ាងខ្លាំង។ ទោះជាយ៉ាងណា ព្រឹត្តិការណ៍នេះនឹងមិនត្រឹមតែជួយដល់ឧស្សាហកម្មទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការដឹងគុណដ៏ស័ក្តសម ដល់កេរ្តិ៍មរតកវប្បធម៌របស់កម្ពុជា និងទស្សនីយភាពសិល្បៈក្នុងស្រុកផងដែរ ក្នុងពេលមួយដែលកម្ពុជាបានក្លាយជាប្រធានអាស៊ាន ហើយខេត្តសៀមរាប បានក្លាយជាទី ក្រុងវប្បធម៌អាស៊ានឆ្នាំ ២០២០-២០២២ មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ នឹងមានការសម្តែងសិល្បៈ ដោយមានការចូលរួមពីសិល្បៈករ សិល្បៈការនី ជាច្រើនដូចជា តន្ត្រីករ អ្នកគូរគំនូរ អ្នកនិពន្ធ និងអ្នករបាំជាដើម។

មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១នេះ ក៏មានការចូលរួមពីកវីតារាកម្ពុជាគឺលោក យ៉េង ឈាងលី និងអ្នកនិពន្ធដ៏ល្បីឈ្មោះគឺលោកស្រី Elisabeth Becker (តាមរយៈ Zoom) សម្រាប់ជាផ្នែកមួយនៃកម្មវិធី Writer&Readers Festival Hub ហើយនឹងមានការបង្ហោះខ្លែងប្រពៃណីជាតិនៅមុខប្រាសាទអង្គរ ល្ខោនស្រមោល ការសម្ដែងការប្រកួតក្បាច់គុនល្បុក្កតោ ចាប៉ីដងវែង និងល្ខោនខោលផងដែរ។

លោក Aaron Carpene បានបន្ថែមថា មហោស្រពសិល្បៈអន្តរជាតិឆ្នាំ២០២១នេះ នឹងជួយជំរុញភ្ញៀវទេសចរឱ្យវិលមកទស្សនាខេត្តសៀមរាបឡើងវិញ។ ដូច្នេះក្រុមហ៊ុន ដែលគាំទ្រ ព្រឹត្តិការណ៍នេះ ក៏ដូចជាគាំទ្រដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាឱ្យវិលមករកភាពធម្មតា និងសន្ទុះងើបឡើងវិញពីការរាតត្បាតជំងឺកូវីដវិញផងដែរ។
មហោស្រពសិល្បៈអន្តរជាតិឆ្នាំ២០២១ នឹងប្រព្រឹត្តឡើងនៅទីកន្លែងផ្សេងៗក្នុងខេត្តសៀមរាប នៅឧទ្យានអង្គរ និងនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។

នៅថ្ងៃសុក្រទី១០ ខែធ្នូ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិធីបើកសម្ពោធនៅមុខប្រាសាទអង្គរវត្ត ដោយមានការចូលរួមពីឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតអាស៊ាន ឥស្សរជន និងអាជ្ញាធរនានា ដើម្បីចាប់ផ្តើមបើកដំណើរការមហោស្រពសិល្បៈអន្តរជាតិឆ្នាំ២០២១។

សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ពិភាក្សាអំពីឱកាសឧបត្ថម្ភ សូមទាក់ទងមកកាន់ក្រុមការងារមហោស្រពសិល្បៈអន្តរជាតិអង្គរ តាមរយៈអ៊ីមែល [email protected]។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://www.facebook.com/AIFA2021Festival