(ភ្នំពេញ)៖ ក្រុមហ៊ុនមិត្តហ្វូន នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានបរិច្ចាគថវិកាជិត៥ពាន់ដុល្លារអាមេរិក ដែលបានមកពីការចូលរួមរបស់អតិថិជនពីកម្មវិធី «កាដូបុណ្យភ្ជុំបិណ្ឌ» របស់ខ្លួន ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមជួយដល់កុមារនៅទូទាំងប្រទេស។

លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានឱ្យដឹងថា ការប្រគល់អំណោយជាថវិកានេះទៅដល់មន្ទីរពេទ្យគន្ធបុប្ផា គឺជាផ្នែកមួយនៃសកម្មភាពទំនួលខុស ត្រូវសង្គមជាហូរហែរបស់ក្រុមហ៊ុន ដើម្បីផ្ដល់ត្រឡប់ទៅវិញទៅឲ្យសង្គមកម្ពុជា។ មន្ទីរពេទ្យគន្ធបុប្ផាបានជួយសង្គ្រោះជីវិតកុមារ និងទារកដ៏ច្រើនសន្ធឹកសន្ធាប់ ហើយក្រុមហ៊ុនមិត្តហ្វូនតែងតែរីករាយក្នុងការជួយរួមចំណែកជាវិភាគទានជាថវិកា ហើយនឹងបន្តរៃអង្គាសមូលនិធិច្រើនថែមទៀតសម្រាប់ធ្វើអំណោយទៅកាន់មន្ទីរពេទ្យ គន្ធបុប្ផានេះផងដែរ។

លោកវេជ្ជបណ្ឌិត Denis Laurent ដែលជាអគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា បានសម្ដែងនូវការអរគុណដល់ក្រុមហ៊ុនមិត្តហ្វូន ដែលតែងតែបង្កើតកម្មវិធីថ្មីៗ ដើម្បីរៃអង្គាស មូលនិធិគាំទ្រដល់មន្ទីរពេទ្យ ហើយនឹងប្រើប្រាស់ថវិកាទាំងនេះដើម្បីជួយធ្វើឲ្យសុខភាពកុមារ និងទារកនៅកម្ពុជា កាន់តែប្រសើរឡើង តាមរយៈការ គាំទ្រដល់ សកម្មភាពនានា របស់មន្ទីរពេទ្យគន្ធបុប្ផា។

សូមបញ្ជាក់ថា ក្រុមហ៊ុនមិត្តហ្វូន បានជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តកម្មវិធីអភិវឌ្ឍន៍ឌីជីថលជាតិរបស់ខ្លួន ។ កន្លងមក ក្រុមហ៊ុនបានធ្វើការយ៉ាងជិតស្និទ្ធិ ជាមួយក្រសួងស្ថាប័នរដ្ឋសំខាន់ៗ ដើម្បីអនុវត្តគម្រោងឌីជីថលូបនីយកម្មនៅក្នុងវិស័យជាច្រើន ដូចជា វិស័យអប់រំសុខាភិបាល និងដឹកជញ្ជូន ។ មិនត្រឹមតែផ្តោតលើ អាជីវកម្មប៉ុណ្ណោះទេ មិត្តហ្វូនគឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដទៃទៀត ដែលតែងតែរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអភិវឌ្ឍន៍សង្គម ហើយចាត់ទុកវាជាសកម្មភាពទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់អាជីវកម្ម។

សូមជម្រាបថា ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នាពេលកន្លងទៅ ក្រុមហ៊ុនមិត្តហ្វូន បានបង្កើតកម្មវិធីមួយដែលអនុញ្ញាតឲ្យអតិថិជនរបស់ខ្លួនឈ្នះរង្វាន់ ពិសេសនៅរៀងរាល់ ពេលដែលពួកគេធ្វើការស្កេន QR ហើយរាល់ការស្កេន QR ម្ដងៗ ក្រុមហ៊ុនមិត្តហ្វូននឹងបរិច្ចាកទឹកប្រាក់ ០.០៥ដុល្លារ ដើម្បីបរិច្ចាគជូនទៅឲ្យ មន្ទីរពេទ្យគន្ធបុប្ផា ។

ឥឡូវនេះតាមរយៈកម្មវិធីដែលបានប្រព្រឹត្តទៅពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ អតិថិជនមិត្តហ្វូនបានធ្វើប្រតិបត្តិការស្កេន QR Code សរុបចំនួន ៩៦,២៩២ដង ហើយទឹកប្រាក់ចំនួន ៤,៨១៥ដុល្លារអាមេរិក ត្រូវបានបរិច្ចាកសម្រាប់ជាអំណោយទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕