(ភ្នំពេញ)៖ ព្រឹត្តិការណ៍ CamTech Summit 2021 ដែលនាំមកជូនដោយព្រូដិនសល រយៈពេល៥ ថ្ងៃនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឡើងនៅចន្លោះថ្ងៃទី ៨ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ ដើម្បីបង្ហាញពីវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងបច្ចេកវិទ្យានានា ដែលកំពុងរីកចម្រើនរបស់កម្ពុជាបានបញ្ចប់ទៅដោយជោគជ័យ។

ព្រឹត្តិការណ៏រយៈពេល៥ ថ្ងៃនេះ មានវាគ្មិនជាតិ និងអន្តរជាតិជាង ៧៥ នាក់ ដែលបានចែករំលែកពីជំនាញរបស់ពួកគេលើបច្ចេកវិទ្យាសុខភាព បច្ចេកវិទ្យាធានារ៉ាប់រង បច្ចេកវិទ្យា Blockchain បច្ចេកវិទ្យាទេសចរណ៍ បច្ចេកវិទ្យាអចលនទ្រព្យ និងបច្ចេកវិទ្យាកសិកម្ម និងឌីជីថលនីយកម្ម។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា «ជំងឺរាតត្បាតបានរំខានដល់ការរស់នៅ ការប្រកបអាជីវកម្ម និងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករបស់យើងគ្រប់ៗគ្នា។ ទោះជាយ៉ាងណាក៏ដោយ ការរំខាននេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃបច្ចេកវិទ្យាឌីជីថលក្នុងការកាត់បន្ថយផលប៉ះពាល់ពីជំងឺរាតត្បាត និងអនុញ្ញាតឱ្យយើងពន្លឿនការផ្លាស់ប្តូរផ្នែកឌីជីថល ក៏ដូចជាសម្របខ្លួនយើងទៅនឹងសេដ្ឋកិច្ចឌីជីថលដែលជាគំរូនៃកំណើនសេដ្ឋកិច្ចថ្មី»

លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានថ្លែងក្នុងកម្មវិធីបើកព្រឹត្តិការណ៍ នេះថា បច្ចេកវិទ្យាបាននឹងកំពុងរីកចំរើនយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ដែលជាលទ្ធផលនៃបដិវត្តន៍ឧស្សាហកម្ម (IR) 4.0 ហើយវាកំពុងក្លាយជាកត្តាជំរុញដ៏សំខាន់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចដូចប្រទេសជាច្រើនក្នុងពិភពលោកបច្ចុប្បន្នដែលកំពុងប្រើប្រាស់បច្ចេកវិទ្យានេះ។

លោកស្រីបន្តថា «នេះដោយសារតែជំនឿយ៉ាងមុតមាំថា បច្ចេកវិទ្យាអាចលើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពសេដ្ឋកិច្ច ដូចជាការផលិត និងការចែកចាយទំនិញ និងសេវាកម្មទាំងក្នុងវិស័យសាធារណៈ និងឯកជន ហើយជាលទ្ធផលវាជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ជាពិសេសក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩»

លោក Wilf Blackburn នាយកប្រតិបត្តិប្រចាំតំបន់សម្រាប់ទីផ្សារកំណើនធានារ៉ាប់រងរបស់ក្រុមហ៊ុនព្រូដិនសលសាជីវកម្មអាស៊ី បានបន្ថែមថា «បច្ចេកវិទ្យាពិតជាបានដើរតួនាទីយ៉ាងសំខាន់ ដើម្បីយើងអាចចូលរួម និងគាំទ្រអតិថិជន ព្រមទាំងទីប្រឹក្សារបស់យើងក្នុងអំឡុងពេលមានជំងឺរាតត្បាតនេះ នៅពេលដែលជំនួបទល់មុខគ្នាត្រូវបានកាត់បន្ថយដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ។ យើងក៏បាននឹងកំពុងផ្តោតសំខាន់ក្នុងការបង្កើនសមត្ថភាពផ្នែកឌីជីថលរបស់យើង ដោយទទួលស្គាល់ថាបច្ចេកវិទ្យានឹងជួយយើងក្នុងការបង្កើនការការពារសម្រាប់អតិថិជនរបស់យើង»

នៅក្នុងព្រឹត្តិការណ៍នេះដែរ អាជីវកម្មទើបនឹងចាប់ផ្តើមដែលបានឈ្នះពានរង្វាន់ជាច្រើនក៏ត្រូវបានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍នេះផងដែរ ដើម្បីបង្ហាញថាតើប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្មដ៏ធំរបស់ប្រទេសកម្ពុជាបានឈានដល់កម្រិតណាលើការប្រកួតប្រជែងរបស់ខ្លួនឆ្ពោះទៅរកស្តង់ដារពិភពលោក។

លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ CAFT បានលើកឡើងអំពី ភាពពាក់ព័ន្ធនៃការជំរុញកិច្ចសហការរវាងភាគីពាក់ព័ន្ធ និងការអភិវឌ្ឍសមត្ថភាពក្នុងវិស័យឌីជីថល នៅក្នុងសុន្ទរកថាបិទរបស់លោកថា «ដើម្បីសម្រេចបាននូវគោលដៅបរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងប្រទេស ប្រជាជនកម្ពុជាទាំងអស់ត្រូវមានលទ្ធភាពអាចទទួលបានឬមានគណនីធនាគារ ប្រាក់កម្ចី ប្រាក់សន្សំ ការវិនិយោគ និងការធានារ៉ាប់រង។ បច្ចេកវិទ្យាកំពុងបង្កើនលទ្ធភាពសម្រាប់សេវាទាំងអស់នោះដល់អតិថិជនតាមរយៈទូរស័ព្ទរបស់ពួកគេ និងក្នុងតម្លៃទាបបំផុត»

លោក Tomas Pokorny អគ្គលេខាធិការក្រុមប្រឹក្សាភិបាល CAFT និងលោកស្រី Weena Llona នាយកប្រតិបត្តិ CAFT ជាអ្នករៀបចំព្រឹត្តិការណ៍នេះ បានបិទព្រឹត្តិការណ៍ដោយគូសបញ្ជាក់ថា នេះគ្រាន់តែជាការចាប់ផ្តើមសម្រាប់ CAFT និងកម្ពុជាក្នុងជំហានឆ្ពោះទៅរកការដាក់បញ្ចូលហិរញ្ញវត្ថុ និងការធ្វើឌីជីថលនីយកម្មតែប៉ុណ្ណោះ។ លោក Tomas បានបន្តថា «កម្ពុជាកំពុងវិវឌ្ឍជានិច្ចនៅក្នុងវិសយ័បច្ចេកវិទ្យារបស់ខ្លួន ហើយរដ្ឋាភិបាលមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផ្តល់ក្របខ័ណ្ឌឌីជីថល ដល់អ្នកដឹកនាំឧស្សាហកម្ម និងអ្នកផ្សេងទៀត ដើម្បីចែករំលែកជំនាញរបស់ពួកគេ ហើយយើងមានក្រុមយុវជនដែលមានទេពកោសល្យដែលត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងក្នុងវិសយ័នេះផងដែរ ដូច្នេះយើងប្រាកដណាស់ថាប្រទេសកម្ពុជាមានអនាគតដ៏ភ្លឺស្វាងនៅខាងមុខ»

លោកស្រី Weena បានបន្ថែមថា «ព្រឹត្តិការណ៍រយៈពេល ៥ ថ្ងៃនេះពិតជាមិនគ្រប់គ្រាន់ដើម្បីបង្ហាញពីទិដ្ឋភាពបច្ចេកវិទ្យា និងបច្ចេកវិទ្យាដ៏ធំរបស់កម្ពុជាទាំងអស់នោះឡើយ ប៉ុន្តែយើងសង្ឃឹមថាទស្សនិកជនទាំងក្នុង និងក្រៅប្រទេសអាចដឹងពីអ្វីដែលកម្ពុជាផ្តល់ជូន»

ព្រឹត្តិការណ៍ Camtech Summit ២០២១ នេះត្រូវបានរៀបចំឡើង ដោយសមាគមសហពន្ធ័ហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា (CAFT) សហការជាមួយធនាគារជាតិនៃកម្ពុជា (NBC) សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងជាដៃគូមួយក្នុងចំណោមដៃគូទាំង ១១ សម្រាប់ព្រឹត្តិការណ៍ Fintech ពិភពលោក ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១១-១២ ខែវិច្ឆិកា ឆ្នាំ ២០២១។ លោកអ្នកនៅតែអាចមើលព្រឹត្តិការណ៍នេះបានតាមរយៈ https://camtechsummit.com/