(អង់គ្លេស)៖ ក្រុមអ្នកឃ្លាំមើលការប្រកួតប្រជែងរបស់ប្រទេសអ៊ីតាលីបានពិន័យក្រុមហ៊ុន Amazon និង Apple នៅក្នុងទឹកប្រាក់ច្រើនជាង ២០០លានអឺរ៉ូ (១៦៨លានផោន) ក្រោមបទចោទប្រកាន់ថាបានបំពានច្បាប់ប្រកួតប្រជែងនៅក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន BBC នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងការបញ្ជាក់របស់អាជ្ញាធរអ៊ីតាលីបានឱ្យដឹងថា ការផាកពិន័យនេះទាក់ទងនឹងកាសស្តាប់ Beats ដែលជាម៉ាកសញ្ញាមួយដែល Apple បានទិញក្នុងតម្លៃ ៣ពាន់លានដុល្លារ កាលពីឆ្នាំ២០១៤។

ក្រុមហ៊ុន Apple និង Amazon បានរៀបចំកិច្ចព្រមព្រៀងមួយកាលពីឆ្នាំ ២០១៨ ដោយក្នុងនោះបានកំណត់ថា មានតែអ្នកលក់បន្ត (resellers) ដែលត្រូវបានជ្រើសរើសដោយក្រុមហ៊ុនប៉ុណ្ណោះ ទើបមានសិទ្ធិលក់កាស Beats នៅលើគេហទំព័រ Amazon សម្រាប់ប្រទេសអ៊ីតាលី។

អាជ្ញាធរប្រកួតប្រជែងរបស់អ៊ីតាលីបាននិយាយថា សកម្មភាពរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរនេះ ក៏បានបំពានច្បាប់របស់សហភាពអឺរ៉ុប និងប៉ះពាល់ដល់ការប្រកួតប្រជែងលើតម្លៃទីផ្សារក្នុងតំបន់ ព្រមទាំងបានបញ្ជាឱ្យក្រុមហ៊ុនទាំងពីរបញ្ចប់ការរឹតបន្តឹង និងផ្តល់ឱ្យអ្នកលក់បន្តនូវសិទ្ធិចូលប្រើប្រាស់ក្នុង «លក្ខខណ្ឌមិនរើសអើង»

ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ ក្រុមហ៊ុន Apple បាននិយាយថា ខ្លួនគោរពការសម្រេចចិត្តរបស់អ្នកឃ្លាំមើល ប៉ុន្តែជឿថា យើងមិនបានធ្វើអ្វីខុសទេ។ យើងបានការសហការគ្នាជាមួយនឹងអ្នកលក់បន្តដែលបានជ្រើសរើសគឺដើម្បីជួយដល់សុវត្ថិភាពអតិថិជន និងដើម្បីធានាថាផលិតផលដែលពួកគេបានទិញគឺជាផលិតផលពិតប្រាកដ ហើយវាមិនបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។

«ដើម្បីធានាថាអតិថិជនរបស់យើងទិញផលិតផលពិតប្រាកដ យើងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូលក់បន្តរបស់យើង ហើយមានក្រុមអ្នកជំនាញដែលខិតខំប្រឹងប្រែងជុំវិញពិភពលោកដែលធ្វើការជាមួយការអនុវត្តច្បាប់គយ និងពាណិជ្ជករ ដើម្បីធានាថាផលិតផល Apple ពិតប្រាកដត្រូវបានលក់»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យ Apple។

ចំណែកក្រុមហ៊ុន Amazon វិញ ក៏បានចេញមុខបញ្ជាក់ផងដែរថា ខ្លួនមិនយល់ស្របជាខ្លាំងចំពោះការសម្រេចចិត្តរបស់អាជ្ញាធរអ៊ីតាលី និងបានលើកឡើងថា ការពិន័យមកមកកាន់នូវទឹកប្រាក់ ៦៨,៧លានអឺរ៉ូគឺ «មិនសមាមាត្រ និងអយុត្តិធម៌» និងបានបដិសេធចំពោះ ការ លើក ឡើង ដែល ថា Amazon ទទួល បាន អត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀងនេះ ជាពិសេសគឺទទួលបានពីអ្នកលក់បន្ត៕