(ម៉ូនិច)៖ កីឡាករខ្សែប្រយុទ្ធ Eric Maxim Choupo-Moting របស់ក្លិប Bayern Munich ដែលបានធ្វើចត្តាឡីស័ករួចរាល់ហើយនោះ ត្រូវបានគេធ្វើតេស្តឃើញលទ្ធផលវិជ្ជមានកូវីដ១៩។ នេះបើតាមការបញ្ជាក់ពីក្លិបដែលលេងនៅលីគ Bundesliga ចំពេលដែលម្ចាស់ពានរង្វាន់ជើងឯកអាល្លឺម៉ង់មួយនេះ កំពុងតស៊ូនឹងករណីវិជ្ជមានកើនឡើង ហើយសមាជិកក្រុមត្រូវបានកាត់បន្ថយ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

កីឡាករលំដាប់អន្តរជាតិសញ្ជាតិកាមេរ៉ូនរូបនេះ បានធ្វើចត្តាឡីស័កជាមួយនឹងកីឡាករ Serge Gnabry, Michael Cuisance, Joshua Kimmich និងកីឡាករ Jamal Musiala អស់រយៈពេលជាច្រើនថ្ងៃ បន្ទាប់ពីមានទំនាក់ទំនងជាមួយអ្នកដែលវិជ្ជមានកូវីដ-១៩។

«Choupo-Moting ត្រូវបានធ្វើតេស្តលទ្ធផលវិជ្ជមានកូវីដ១៩» នេះបើតាមក្លិប Bayern។ «ខ្សែប្រយុទ្ធរបស់ Bayern រូបនេះ កំពុងរស់នៅដាច់ដោយឡែកពីគេនៅផ្ទះ ហើយមានសុខភាពល្អ»។

ក្លិបដែលមានមូលដ្ឋាននៅរដ្ឋ Bavarians នេះគ្មានវត្តមានរួចទៅហើយនូវកីឡាករ Niklas Suele ដែលទើបតែជាសះស្បើយពីជំងឺកូវីដ១៩ ស្របពេលដែលខ្សែការពារ Josip Stanisic បាននឹងកំពុងរស់នៅដាក់ដោយឡែកពីគេ ក្រោយពីរកឃើញវិជ្ជមានកូវីដ១៩ កាលពីសប្តាហ៍មុន។

Bayern ក៏បាននឹងកំពុងដោះស្រាយផងដែរជាមួយនឹងការរិះគន់ថា កីឡាករមិនចាក់វ៉ាក់សាំង ដោយមានកីឡាករលំដាប់អន្តរជាតិសញ្ជាតិអាល្លឺម៉ង់ Kimmich ដែលជាកីឡាករល្បីឈ្មោះនោះ ជាកីឡាករម្នាក់ស្ថិតក្នុងចំណោមកីឡាករ ដែលបានបដិសេធចាក់វ៉ាក់សាំង ដោយលោកលើកឡើងថា លោកព្រួយបារម្ភអំពីផលប៉ះពាល់រយៈពេលយូរ។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ប្រធានក្លិបបានបញ្ជាក់ទៅកាន់កីឡាករដែលមិនបានចាក់វ៉ាក់សាំងកាលពីសប្តាហ៍មុនថា ពួកគេនឹងត្រូវកាត់ប្រាក់ចំណាយលើពួកគេនៅអំឡុងពេលនៃការធ្វើចត្តាឡីស័ក ស្របទៅតាមច្បាប់ក្នុងស្រុក៕