(ម៉ាទ្រីដ)៖ អ្នកចាំទីក្លិប Real Madrid កីឡាករ Thibaut Courtois បានលើកឡើងថា ខ្សែប្រយុទ្ធ Eden Hazard នៅតែចង់ជោគជ័យក្នុងការលេងនៅក្លិប បើទោះបីជាត្រូវបានរារាំងដោយបញ្ហារបួស និងមានទម្រង់លេងមិនល្អចាប់តាំងពីចូលរួមជាមួយក្លិបក្នុងឆ្នាំ២០១៩ ក្តី។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

កីឡាករអន្តរជាតិសញ្ជាតិប៊ែលហ្ស៊ិក វ័យ ៣០ឆ្នាំរូបនេះបានចូលរួមជាមួយក្លិបអេស្ប៉ាញ Real Madrid ក្រោយផ្ទេរមកពីក្លិប Chelsea របស់អង់គ្លេស ជាមួយនឹងសេចក្តីរាយការណ៍ថា មានតម្លៃខ្លួន ១២០លានអឺរ៉ូ (១៣៤.៩៤លានដុល្លារ)។ Hazard បានស៊ុតបញ្ចូលទី ៤គ្រាប់ប៉ុណ្នោះ ក្នុងការបង្ហាញខ្លួន ២១ប្រកួតគ្រប់កម្មវិធីទាំងអស់កាលពីរដូវកាលមុន ប៉ុន្តែមិនទាន់បានស៊ុតបញ្ចូលទី ១គ្រាប់ឡើយនោះទេ ក្នុងយុទ្ធនាការនាឆ្នាំនេះ ក្រោយបានចូលរួមប្រកួត ១១លើក។

Hazard មិនបានចាប់ផ្តើមការប្រកួតចាប់តាំងពីការប្រកួតធ្វើជាម្ចាស់ផ្ទះចាញ់ ២-១ ក្នុងលីគ Champions League ក្រោមថ្វីជើងក្រុម Sheriff Tiraspol កាលពីខែកញ្ញា ហើយមិនត្រូវបានរាប់បញ្ចូលក្នុងក្រុមនោះទេ សម្រាប់ការប្រកួតនៅថ្ងៃពុធនាប្រទេសម៉ុលដាវី។

«ខ្ញុំបានស្គាល់ Eden Hazard ជាយូរមកហើយ ហើយដឹងថា ក្តីសុបន្តិរបស់គាត់ គឺចង់លេងឲ្យក្លិប Real Madrid។ វាជារឿងគួរឲ្យអាម៉ាស់ដែលវាមិនទាន់បាន សម្រេចដូចដែលអ្នករាល់គ្នាចង់បាន»។ នេះបើតាមសម្តីកីឡាករ Courtois។

គួរបញ្ជាក់ថា Real Madrid កំពុងឈរនៅកំពូលតារាងពូល D នៃលីគ Champions League ជាមួយនឹង ១២ពិន្ទុ ក្រោយឆ្លងកាត់ ៥ប្រកួត និងមាន ២ពិន្ទុនាំមុខក្រុម Inter Milan៕