(បាងកក)៖ ក្រុមហ៊ុន Apple បានចេញសារដាស់តឿនកាលពីថ្ងៃពុធទៅកាន់សកម្មជន និងអ្នកស្រាវជ្រាវថៃយ៉ាងតិច ៦នាក់ ដែលបានរិះគន់រដ្ឋាភិបាល ដោយបានព្រមានថា ទូរស័ព្ទ iPhone របស់ពួកគេត្រូវបានក្លាយជាគោលដៅ «វាយប្រហារ» ពីសំណាក់ ក្រុម Hacker ដែលឧបត្ថម្ភដោយរដ្ឋាភិបាល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

Prajak Kongkirati អ្នកវិទ្យាសាស្ត្រនយោបាយនៅសកលវិទ្យាល័យ Thammasat នៃទីក្រុងបាងកក បាននិយាយថា គាត់បានទទួលអ៊ីមែលចំនួនពីរពីក្រុមហ៊ុន Apple ដោយនៅក្នុងអ៊ីមែលបានព្រមានថា គណនី iPhone និង iCloud របស់គាត់ត្រូវបានគេកំណត់គោលដៅ រួមជាមួយនឹង «ការជូនដំណឹងអំពីការគំរាមកំហែង» នៅលើគណនី Apple របស់គាត់ទៀតផង។

អ្នកស្រាវជ្រាវ Sarinee Achananuntakul និងសកម្មជនថៃ Yingcheep Atchanont នៃក្រុមត្រួតពិនិត្យច្បាប់ iLaw បាននិយាយថា ពួកគេបានទទួលអ៊ីមែលស្រដៀងគ្នា ខណៈដែលតារាចម្រៀងរ៉េប សកម្មជននយោបាយ និងអ្នកនយោបាយប្រឆាំងរដ្ឋាភិបាលបានបង្ហោះរូបថតនៃអ៊ីមែលដូចគ្នានៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ។

សារបានព្រមានបានបញ្ជាក់ថា ប្រសិនបើឧបករណ៍របស់អ្នកត្រូវបានរងផលប៉ះពាល់ដោយអ្នកវាយប្រហារដែលឧបត្ថម្ភដោយរដ្ឋ ពួកគេអាចចូលប្រើទិន្នន័យដ៏រសើបរបស់អ្នកបាន ជាពិសេសគឺអាចស្ដាប់ការសន្ទនា ព្រមទាំងអាចប្រើប្រាស់កាមេរ៉ា និងមីក្រូហ្វូនបានពីចម្ងាយ ថែមទៀតផង។

ការដាស់តឿនរបស់ Apple ចំពោះសកម្មជន និងអ្នកស្រាវជ្រាវថៃនេះ មិនបានបញ្ជាក់ថាវាបានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនអ៊ីនធឺណេតអ៊ីស្រាអែល NSO Group ឡើយ ប៉ុន្តែក្រុមឃ្លាំមើលសន្តិសុខអ៊ីនធឺណិត Citizen Lab ត្រូវបានកំណត់អត្តសញ្ញាណក្នុងឆ្នាំ ២០១៨ ដែលជាប្រតិបត្តិករចារកម្ម Pegasus នៅក្នុងប្រទេសថៃ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple កាលពីថ្ងៃអង្គារបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនអ៊ីនធឺណេតអ៊ីស្រាអែល NSO Group និងក្រុមហ៊ុនមេ OSY Technologies សម្រាប់ការចោទប្រកាន់ថាមានការឃ្លាំមើល និងកំណត់គោលដៅអ្នកប្រើប្រាស់ Apple របស់សហរដ្ឋអាមេរិក តាមរយៈកម្មវិធី Pegasus spyware ដែលការវាយប្រហារនេះត្រូវបាន Apple អះអាងថាមានការឧបត្ថម្ភពីសំណាក់ រដ្ឋាភិបាល ប៉ុន្តែអ្នកប្រើប្រាស់តិចតួចប៉ុណ្ណោះដែលទទួលរងផលប៉ះពាល់៕