(មេនឆេស្ទើ)៖ នៅពេលនេះមាន ១០ក្រុមហើយដែលឈ្នះកៅអីឡើងទៅវគ្គ ១៦ក្រុមដោយស្វ័យប្រវត្តិនៃយុទ្ធនាការពានរង្វាន់អឺរ៉ុប UEFA Champions League នៅពេលប្រកួតបញ្ចប់លើកទី៥ តាមពូលនីមួយៗនារាត្រីឆ្លងចូលថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។

ទាំង ១០ក្លិបរួមមាន Manchester City និង Paris Saint-Germain ចេញពីពូលA គ្រាដែល Liverpool ឈរនៅលេខ១ ចេញពីពូល B និង Ajax របស់ហូឡង់ចេញពីកំពូលតារាងនៃពូល C រួមទាំង Inter Milan និងអតីតជើងឯកអឺរ៉ុប ១៣សម័យកាលច្រើនជាងគេ Real Madrid ចេញពីពូល D។

ដូចគ្នានោះដែរ Bayern Munich ដែលជាជើងឯកឆ្នាំ២០២០ នោះ ក៏បានឡើងទៅវគ្គចាញ់-ធ្លាក់ជាបន្តទៀតដែរ ដែលចេញពីពូល E ជាមួយ Manchester United របស់អង់គ្លេសចេញពីពូល F រួមទាំង Chelsea និង Juventus ចេញពីពូល H ចុងក្រោយគេ។

យ៉ាងណានៅខ្វះ ៦ក្រុមទៀត ដើម្បីឡើងទៅបង្រ្គប់វគ្គ ១៦ក្រុមចុងក្រោយ ដ្បិតការប្រកួតកាត់សេចក្តីនៅសល់តែ ១ប្រកួតទៀតប៉ុណ្ណោះនាថ្ងៃទី០៨-០៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

គួរជម្រាបថា តោខៀវ Chelsea ដែលជាក្រុមការពារតំណែងជើងឯក រួមទាំង Manchester City ដែលជាជើងឯករង កាលមុននោះ ក៏បានឈ្នះកៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយជាមួយ Liverpool និង Manchester United ដែរ៕