(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញកម្មវិធីនៃប្រកួតជម្រើសជើងឯកកម្ពុជា លីគទី២ ឆ្នាំ២០២១ ហើយ ដោយមានបេក្ខភាពចូលរួម ៨ក្រុមសុទ្ធសឹងជាក្រុមគួរឲ្យចាប់អារម្មណ៍ ដែលគេរំពឹងថា នឹងមានការប្រកួតប្រជែងខ្លាំង គ្រាដែលក្រុមសូលទីឡូអង្គរ ដែលទើបកាត់ចេញពីលីគកំពូលកម្ពុជា ត្រូវរង់ចាំការប្រកួតដល់ឆ្នាំក្រោយ។

ចំពោះការប្រកួតលីគទី២ រដូវកាលថ្មីនេះ គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី២៥ ខែធ្នូ ខាងមុខ។ រីឯបេក្ខភាពចូលរួមទាំង ៨ក្រុម គឺមានក្រុមកោះកុងអេហ្វស៊ី, ក្លិបបាល់ទាត់ឬទ្ធីសែន, ISI ដង្កោសែនជ័យ, U21 កងយោធពលខេមរភូមិន្ទ, ក្លិបបាល់ទាត់ខេត្តសៀមរាប, ខេត្តបន្ទាយមានជ័យ, ខេត្តត្បូងឃ្មុំ និងក្រុមសាលាបាល់ទាត់ជាតិ ដែលជាក្រុមធ្លាក់ពីលីគកំពូល ឆ្នាំ២០២១ នេះ។

ដោយឡែកក្រុមសូលទីឡូអង្គរ ដែលទើបបញ្ចប់ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២១ ដោយឈរបាតតារាង នឹងត្រូវកាត់ចេញពីលីគកំពូល នារដូវកាលឆ្នាំ២០២២ ពួកគេនៅមិនទាន់អាចចូលរួមប្រកួតលីគទី២ ឆ្នាំនេះបានឡើយ ពោលគឺត្រូវរង់ចាំដល់ឆ្នាំ២០២២ ទើបក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះ អាចចូលរួមប្រកួតលីគទី២ បាន ដើម្បីប្រជែងកៅអីលីគកំពូលកម្ពុជា ឆ្នាំ២០២៣ វិញ។

សម្រាប់រូបមន្ដប្រកួតលីគទី២ ឆ្នាំនេះ ខុសពីរដូវកាលមុន ដោយប្រើប្រាស់ប្រព័ន្ធប្រកួតសន្សំពិន្ទុវិលជុំតែ ១ជើងប៉ុណ្ណោះ ដើម្បីកំណត់ក្រុមជយលាភី ពោលគឺក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុ ក្រុមមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាជើងឯក និងទទួលបានកៅអីចូលរួមប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២២ ជំនួសក្រុមសូលទីឡូអង្គរ លើកលែងក្រុម U21 កងយោធពលខេមរភូមិន្ទ ដែលជាក្រុមឧបសម្ព័ន្ធក្លិបសមាជិកលីគកំពូលកម្ពុជាស្រាប់។

សូមរំឭកថា កាលពីឆ្នាំ២០២០ លីគទី២ នេះ គឺមាន ១០ក្រុមចូលរួម គ្រាដែលជើងឯកបានទៅក្លិបបាល់ទាត់ខេត្តព្រៃវែង ដែលបានឡើងមកលេងលីគកំពូលកម្ពុជា ឆ្នាំ២០២១ និងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១២ ក្នុងចំណោម ១៣ក្លិប។ តាមរយៈនេះ នាំឲ្យពួកគេរក្សាបានកៅអីលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២២ បន្ដទៀត៕