(ម៉ូនិច)៖ មាន ៣ក្រុមប៉ុណ្ណោះដែលបានកំពុងធ្វើបានល្អផ្តាច់គេពីក្នុងវគ្គសន្សំពិន្ទុក្នុងពូលនៃពានរង្វាន់អឺរ៉ុប UEFA Champions League នារដូវកាលឆ្នាំ២០២១-២០២២ និងបានកក់កៅអី១ផងដែរ ដើម្បីទៅលេងវគ្គ ១៦ក្រុមចុងក្រោយជាបន្តទៀត។

ក្រុម Ajax របស់ហូឡង់ដែលបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្នាំ២០១៩ នោះ បានរក្សាកំណត់ត្រាលេង ៥ប្រកួតប្រចាំពូល C មិនដែលចាញ់ និងស្មើឡើយ ពោលគឺឈ្នះទាំងអស់ ជាមួយនឹងការរបូតគ្រាប់បាល់តែ ៣គ្រាប់ ប៉ុណ្ណោះ ក្រៅពីស៊ុតគូប្រកួតបាន ១៦គ្រាប់ ធ្វើបានល្អជាងគេហង្សក្រហម Liverpool របស់អង់គ្លេស ដែលជាជើងឯកកាលឆ្នាំ២០១៩ នោះទៅទៀត ដ្បិតក្រុមរបស់លោក Jurgen Klopp ស៊ុតចូលគេបានតែ ១៥គ្រាប់ និងរបូតវិញ ៥គ្រាប់ ក្នុងនាមជាក្រុមលេង ៥ប្រកួតមិនចាញ់ដូចគ្នា។

ដូចគ្នានោះដែរ Bayern Munich របស់អាល្លឺម៉ង់ ដែលជាជើងឯក UCL នៅឆ្នាំ២០២០ នោះ បានបំប៉ោងសំណាញ់ទី គូប្រកួតរហូតដល់ទៅ ១៩គ្រាប់ដែលឈរនៅកំពូលតារាងនៃពូល E ជាមួយនឹងការរបូតតែ ៣គ្រាប់ដូច Ajax ដែរ។

Ajax ជាក្រុមហូឡង់តែមួយគត់ដែលបានលេងនៅ UEFA Champions League រដូវកាលនេះ ដ្បិតអាល្លឺម៉ង់មានដល់ ៤ក្រុមរួមមាន Wolfsburg, RB Leipzig, Borussia Dortmund និង Bayern Munich ដែលកំពុងធ្វើបានល្អជាងគេ នៅពេលអង់គ្លេសមាន ៤ក្រុមដូចគ្នាដែលសុទ្ធសឹងឡើងវគ្គ ១៦ក្រុមចុងក្រោយផងដែររួមមាន Chelsea, Manchester City, Manchester United និង Liverpool៕