(អាមេរិក)៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ត្រូវបានគេរាយការណ៍មកថា នៅក្នុងរយៈពេលជាង ២សប្ដាហ៍កន្លងមក នេះ លក់ បានលក់ហ៊ុននៅក្នុងក្រុមហ៊ុន Tesla ដោយទទួលបានទឹកប្រាក់សរុបជិត ១០ពាន់លានដុល្លារ ខណៈដែលលោកនៅសល់ ហ៊ុន ប្រមាណ ១៦៩លានហ៊ុនទៀត។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា នៅថ្ងៃអង្គារកន្លងទៅនេះមហាសេដ្ឋី លំដាប់ ពិភលោករូបនេះបានលក់ហ៊ុននៅក្នុងក្រុមហ៊ុន ដោយទទួលបានប្រាក់ប្រមាណជា ១,០៥ពាន់លានដុល្លារអាមេរិក ហើយបើតាមការកំណត់ គឺ លោក Elon Musk មានសិទ្ធិលក់ហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុន Tesla បានរហូតដល់ដំណាច់ឆ្នាំ ២០២២ ដើម្បីដោះស្រាយរឿងពន្ធជាមួយនឹង រដ្ឋាភិបាលអាមេរិក។
នៅក្នុងខែវិច្ឆិកានេះ នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរូបនេះ បានលក់ហ៊ុនសរុបជាទឹកប្រាក់មានចំនួន ៩,៨៥ពាន់លានដុល្លារអាមេរិក ដោយកាលពីខែថ្ងៃទី១០ ខែវិច្ឆិកា លក់បាន ៦,៩ពាន់លានដុល្លារ, ថ្ងៃទី១៥ វិច្ឆិកា លក់បាន ១,៩ពាន់លានដុល្លារ និងនៅថ្ងៃអង្គារកន្លងទៅនេះ លក់បាន ១,០៥ពាន់លានដុល្លារ។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា កន្លងទៅនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះរហូតដល់ ១៥,៤ភាគរយ ដែលវាជាការធ្លាក់ចុះខ្លាំង និងពុំធ្លាប់ មាន សម្រាប់ក្រុមហ៊ុន Tesla ប៉ុន្តែកាលពីថ្ងៃពុធម្សិលមិញនេះ បានកើនឡើង ១ភាគរយវិញ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៦ ខែវិច្ឆិកាកន្លងទៅនេះ បានធ្វើការស្ទង់មតិទៅកាន់អ្នកប្រើប្រាស់បណ្ដាញសង្គម Twitter ថា តើលោកគួរលក់ភាគហ៊ុនចំនួន ១០ភាគរយនៅក្នុងក្រុមហ៊ុន Tesla ដែរឬទេ? ជាលទ្ធផលគឺមានអ្នកចូលរួមបោះឆ្នោតរហូតដល់ ៣,៥លាននាក់ដោយក្នុងនោះមាន ៥៧,៩ភាគរយបានយល់ព្រមឱ្យលោកលក់ភាគហ៊ុន ហើយពាក់ព័ន្ធនឹងការលក់ភាគហ៊ុននេះ គឺដោយសារតែសភាអាមេរិក បានប្រកាសបង្ហាញពីការប្រមូលពន្ធពីពួកកំពូលមហាសេដ្ឋីដើម្បីយកប្រាក់ទៅបម្រើឱ្យវិស័យផ្សេងៗ (ការចំណាយរបស់រដ្ឋាភិបាល)៕