(កូរ៉េ)៖ BLACKPINK ដែលជាក្រុមចម្រៀងនារីល្បី ប្រចាំវិស័យ K-POP មានសមាជិកនារីចំនួន៤នាក់ ត្រូវបានរាយការណ៍ថា មានសមាជិកម្នាក់ គឺ Lisa រកឃើញវិជ្ជមានកូវីដ-១៩ ខណៈ៣នាក់ផ្សេងទៀត ដូចជា Jisoo, Jennie និង Rosé ទទួលលទ្ធផលធ្វើតេស្តអវិជ្ជមាន។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន All Kpop នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមផលិតកម្ម YG ជាជម្រករបស់តារាចម្រៀង Lisa និងសមាជិក៣នាក់ទៀត បានចេញសេចក្តីប្រកាសបន្ទាន់មួយ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា នេះថា តារាចម្រៀង Lisa សមាជិក BLACKPINK ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ-១៩ ខណៈសមាជិក៣នាក់ផ្សេងទៀត នៅក្នុងក្រុម Jisoo, Jennie និង Rosé ទោះមិនមានទំនាក់ទំនងគ្នាជិតស្និទ្ធក្តី តែពួកគេបានប្រញាប់ទៅធ្វើតេស្ត។

ជាលទ្ធផលដែលទទួលបាននៅថ្ងៃនេះ បញ្ជាក់ថា សមាជិកទាំង៣នាក់ គឺអវិជ្ជមានកូវីដ-១៩។ ជាមួយគ្នានេះ ផលិតកម្ម YG បានបញ្ជាក់ថា ស្ថានភាព Lisa ដែលរកឃើញវិជ្ជមានកូវីដ-១៩ បច្ចុប្បន្ននេះ គឺមានសុខភាពល្អប្រសើរជាធម្មតា និងមិនមានអាការៈអ្វីគួរឲ្យកត់សម្គាល់ឡើយ។

គួរជម្រាបថា សមាជិកទាំង៤រូបក្នុងក្រុម BLACKPINK ត្រូវបានបញ្ជាក់ថា បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពេញលេញអស់ហើយ។ ជុំវិញសមាជិកក្នុងក្រុម មានវិជ្ជមានកូវីដ-១៩ ងាកមក Rosé វិញ ត្រូវបានរាយការណ៍ថា បានប្រកាសលុបចោលគម្រោង ចូលរួមកម្មវិធីនានាភ្លាមៗតែម្ដង។ បើតាមកាលវិភាគ នៅក្នុងថ្ងៃទី២៥ ខែវិច្ឆិកានេះ Rosé ត្រូវចូលរួមកម្មវិធីរបស់ប្រេនល្បី Tiffany & Co ប៉ុន្តែត្រូវបានលុបចោលវិញ៕