(ភ្នំពេញ)៖ ការប្រកួតស្នាដៃសិល្បៈ ដែលរៀបចំដោយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងអង្គការយូណេស្កូ នឹងចាប់ផ្តើមទទួលពាក្យនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ការប្រកួតស្នាដៃសិល្បៈនេះ ដើម្បីចូលរួមការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌អរូបីទាំងប្រាំរបស់កម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ មានដូចជា៖ របាំរាជទ្រព្យ ឆ្នាំ២០០៣, ល្ខោនស្រមោលស្បែកធំ ឆ្នាំ២០០៥ ល្បែងទាញព្រ័ត្រ ឆ្នាំ២០១៥, ចាប៉ីដងវែង ឆ្នាំ២០១៦ និងល្ខោនខោលវត្តស្វាយអណ្តែតឆ្នាំ២០១៨។

គោលបំណងនៃការប្រកួតប្រជែង គឺនាំមកនូវការមើលឃើញ និងលើកកម្ពស់ការយល់ដឹងដល់សមាសធាតុ Intangible Cultural Heritage នៃប្រទេសកម្ពុជាដែលបានចុះបញ្ជីរួចហើយនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ការប្រកួតប្រជែងសិល្បៈ នឹងលើកទឹកចិត្តឱ្យពលរដ្ឋកម្ពុជាបង្ហាញទេពកោសល្យ និងការបកស្រាយ អំពីបេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា។

ស្នាដៃចូលរួមប្រកួតមាន៖

១៖ គំនូរវិចិត្រកម្ម (A2) សម្ភារៈសេរី (សខ្មៅ ពណ៌ទឹក ពណ៌ប្រេង PASTEL ...)
២៖ ថតរូប (ផ្តល់ជា FILE ទំហំតូចបំផុត 3M និង ផ្តិតរូបលើក្រដាស A3)
៣៖ រចនាក្រាហ្វិចលើក្រដាសទំហំ A3 ។

ជ័យលាភី ទទួលបានរួមមាន៖
* លេខ១៖ រង្វាន់ ១លានរៀល ប័ណ្ណសរសើរមួយ និងរង្វាន់លើកទឹកចិត្តផ្សេងៗទៀត
* លេខ២៖ រង្វាន់ ៥សែនរៀល ប័ណ្ណសរសើរមួយ និងរង្វាន់លើកទឹកចិត្តផ្សេងៗទៀត
* លេខ៣៖ រង្វាន់ ៤សែនរៀល ប័ណ្ណសរសើរមួយ និងរង្វាន់លើកទឹកចិត្តផ្សេងៗទៀត។

សូមជម្រាបថា កាលបរិច្ឆេទចុះឈ្មោះចូលរួមប្រកួតប្រជែងតាមរយៈ GROUP TELEGRAM មហាវិទ្យាល័យសិល្បៈសូនរូប ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ តទៅ ហើយស្នាដៃត្រូវប្រគល់មកមហាវិទ្យាល័យនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។ ការប្រកាសជ័យលាភីនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។ កម្មវិធីនេះ គឺសម្រាប់តែនិស្សិត មកពីស្ថាប័នអប់រំនានានៃព្រះរាជាណាចក្រកម្ពុជា។

ទូរសព្ទទំនាក់ទំនងលេខ ០១៧ ២០០៤៦២/០១១ ៩០៦ ២៥៩ ឬ Telegram តាមរយៈ ០៨៩៥៥៦៦៩៨៕