(ចិន)៖ តារាសម្តែងស្រីធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញរបស់ចិន ដែលទស្សនិកជនខ្មែរស្គាល់ថា ជាតួឯកស្រីក្នុងរឿង «មហិច្ឆតាអ៊ូម៉ីនាង» គឺអ្នកនាង ហ្វាន ពីងពីង (Fan Bingbing) ថ្មីៗនេះបែកធ្លាយដំណឹងថា បានវិលត្រឡប់មកកាន់វិស័យសិល្បៈឡើងវិញ ហើយក៏កំពុងថតរឿងថ្មីផងដែរ។ បើដំណឹងនេះជាការពិត បានន័យថា នេះជាលើកដំបូងហើយសម្រាប់ Fan Bingbing ដែលមកថតភាពយន្តឡើងវិញ បន្ទាប់ពីខកខានសម្តែងតាំងពីឆ្នាំ២០១៨ ដោយសាររឿងអាស្រូវគេចពន្ធ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Straits Times នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

មូលហេតុដែលនាំឲ្យមានដំណឹងនេះ គឺដោយសារតែនៅថ្ងៃទី២២កន្លងទៅ គេឃើញមានរូបភាពរបស់តារាសម្តែងស្រី Fan Bingbing និងអ្នកដឹកនាំរឿងល្បី លោកស្រី Li Yu ថតជាមួយគ្នាបង្ហោះលើបណ្តាញសង្គម Weibo ដោយភ្ជាប់ជាមួយសារថា «ផឹកស្រាតិចតួចជាមួយមិត្តចាស់»។ ភ្លាមៗក្រោយឃើញរូបថត និងសារបែបនេះ ក៏មានការលើកឡើងថា អ្នកទាំងពីរកំពុងធ្វើការជាមួយគ្នាទៅលើវិស័យភាពយន្ត រហូតធ្វើឲ្យអ្នកគាំទ្រ Comment ទៅកាន់អ្នកដឹកនាំ Li Yu ថា «មានភាពយន្តថ្មី»? ហើយលោកស្រី Li Yu ក៏ឆ្លើយយ៉ាងខ្លីថា «ចា៎»។

យ៉ាងណាមិញ ជុំវិញដំណឹងនេះ គេនៅមិនទាន់ច្បាស់ឡើយថា Fan Bingbing ពិតជាកំពុងថតរឿងថ្មីមែនឬអត់ ខណៈព័ត៌មានជុំវិញការវិលចូលសិល្បៈវិញរបស់នាង ហាក់មិនទាន់បានបង្ហាញជាសាធារណៈឡើយ។ ងាកមកលោកស្រី Li Yu ដែលជាអ្នកដឹកនាំរឿង ត្រូវបានគេដឹងថា ធ្លាប់ធ្វើការជាមួយតារាស្រី Fan Bingbing ជាច្រើនរឿងមកហើយ ដូចជារឿង «Lost of Beijing» ក្នុងឆ្នាំ២០០៧, រឿង «Buddha Mountain» ក្នុងឆ្នាំ២០១១ និងរឿង « Double Xposure» ក្នុងឆ្នាំ២០១២ជាដើម។

គួរជម្រាបថា តួឯកស្រីក្នុងរឿង «មហិច្ឆតាអ៊ូម៉ីនាង» រូបនេះ ចាប់តាំងពីផ្ទុះរឿងអាស្រូវគេចវេះមិនបង់ពន្ធមក ត្រូវបានគេសង្កេតឃើញថា ហាក់មិនទាន់មានផលិតកម្មណាមួយទាក់ទង ឲ្យសម្ដែងភាពយន្តថ្មីនៅឡើយ ហើយភាពយន្តទាំងប៉ុន្មានកន្លងមក ដែលនាងបានថតរួច ក៏នៅតែមិនអាចចាក់ផ្សាយបានដែរ។ យ៉ាងណាមិញ សម្រាប់ដំណឹងដែលបែកធ្លាយថ្មីៗនេះ ត្រូវបានគេចាត់ទុកថា ទំនងជាតារាស្រី Fan Bingbing ចាប់ផ្តើមសាងកេរ្តិ៍ឈ្មោះរបស់ខ្លួន នៅក្នុងពិភពសិល្បៈឡើងវិញ ត្បិតថារយៈពេល៣ឆ្នាំមកនេះ នាងមានការស្ងប់ស្ងាត់យ៉ាងខ្លាំង ក្នុងវិស័យភាពយន្ត៕