(បរទេស)៖ ប្រទេសឥណ្ឌាគ្រោងនឹងបន្តផែនការរបស់ខ្លួនក្នុងការហាមឃាត់រូបិយប័ណ្ណគ្រីបតូ បន្ទាប់ពីតុលាការកំពូល នៃ ប្រទេសនេះបានសម្រេច ហាមឃាត់អស់រយៈពេលប្រមាណពីរឆ្នាំកន្លងមកហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គេសង្កេតឃើញថា រដ្ឋាភិបាលឥណ្ឌាហាក់ដូចជាមិនបន្ទន់ទស្សនរបស់ខ្លួនក្នុងការដកបំរាម ហាមឃាត់ រូបិយប័ណ្ណគ្រីបតូ នោះទេ បើទោះបីជាក្រុមអ្នកវិភាគជាច្រើនបានប៉ាន់ប្រមាណថាស្ថានភាពមួយនេះវានឹងល្អប្រសើរឡើងវិញនៅចុងឆ្នាំនេះ ឬដើម ឆ្នាំក្រោយ។

យោងតាមច្បាប់ដែលបានគ្រោងទុកគឺរដ្ឋាភិបាលឥណ្ឌាមានបំណងបង្កើតរូបិយប័ណ្ណឌីជីថលផ្លូវការផ្ទាល់ខ្លួនដែលចេញដោយធនាគារបម្រុងនៃ ប្រទេសឥណ្ឌា (ធនាគារកណ្ដាល) ខណៈដែលហេតុផលនៃការហាមឃាត់នេះដោយសារតែរដ្ឋាភិបាលចង់គ្រប់គ្រង់ការធ្វើពាណិជ្ជកម្ម តាមអនឡាញ ដោយមិនមានការផ្ទេរប្រាក់ខុសច្បាប់ ជាពិសេសមិនចង់ឱ្យកើតមានឡើងនូវអំពើកេងបន្លំ ឬសកម្មភាពខុសច្បាប់ណាមួយកើតឡើង តាមរយៈរូបិយប័ណ្ណគ្រីបតូ។

ក្រុមអ្នកវិភាគបាននិយាយថា ការហាមឃាត់រូបិយប័ណ្ណគ្រីបតូនៅក្នុងប្រទេសឥណ្ឌានេះ វាមិនបានធ្វើឱ្យប៉ះពាល់ដល់រូបិយប័ណ្ណគ្រីបតូទាំងមូល នោះទេ ពោលគឺវាគ្រាន់តែជាផ្នែកមួយតិចតួចប៉ុណ្ណោះ ជាក់ស្ដែងរដ្ឋាភិបាលចិនបានហាមឃាត់រាល់ប្រតិបត្តិការរូបិយប័ណ្ណគ្រីបតូផងដែរ ប៉ុន្តែ វា មិនបានធ្វើឱ្យតម្លៃរូបិយប័ណ្ណគ្រីបតូ ឬតម្លៃទីផ្សាររូបិយប័ណ្ណគ្រីបតូធ្លាក់ចុះឡើយ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ប្រធានាធិបតីរបស់ប្រទេសអែលសាល់វ៉ាឌ័រ លោក Nayib Bukele បានប្រកាសនឹងបង្កើតទីក្រុង «Bitcoin City» ដំបូងគេបង្អស់នៅលើពិភពលោក ដែលវានឹងក្លាយជាតំបន់វិនិយោគរូបិយប័ណ្ណឌីជីថល Bitcoin ដោយសេរី៕