(ភ្នំពេញ)៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប នៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានចូលរួមទទួល «បណ្ណសរសើរមេត្រីភាពបរិស្ថាន» ពីក្រសួងបរិស្ថាន។ ឈានមុខគេ ក្នុងការអភិវឌ្ឍគម្រោងលំនៅឋានប្រណីត ជាមួយហេដ្ឋារចនាសម្ព័ន្ធបៃតងលេចធ្លោជាងគេក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តសកម្មភាពប្រតិបត្តិមេត្រីភាពបរិស្ថានលើកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និង ការរស់នៅដោយចីរភាព។ នេះជាលើកទី២ហើយ ដែលក្រុមហ៊ុន ប៉េង ហួត គ្រុប បានទទួលបានបណ្ណសរសើរពីក្រសួងបរិស្ថាន និងការទទួលស្គាល់លើកិច្ចខិតខំប្រឹងប្រែងចំពោះការចូលរួមរបស់ក្រុមហ៊ុនក្នុងការងារបរិស្ថាន។

ថ្លែងក្នុងកម្មវិធីលើកទឹកចិត្តមេត្រីភាពបរិស្ថាន ដើម្បីផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថានដល់ប្រតិបត្តិករគំរូសម្រាប់ឆ្នាំ២០២១ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងនូវចំណុចគន្លឹះថា៖ «ក្រសួងបរិស្ថានមានបេសកកម្មជាច្រើនក្នុងវិស័យបរិស្ថាន ក្នុងនោះ ការលើកកម្ពស់ប្រតិបត្តិមេត្រីភាពបរិស្ថាន គឺជាកិច្ចការមួយដ៏សំខាន់ ធ្វើយ៉ាងណាឲ្យកម្ពុជាមានបរិស្ថានស្អាត មានភាពបៃតង និងមានភាពស៊ីវិល័យ។ ការងារនេះ អាចសម្រេចបាន ដ៏រាបណាមានការចូលរួមពីគ្រប់តួរអង្គពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូប។ ជាប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា ប្រជាពលរដ្ឋ ចាប់ផ្តើមស្គាល់អំពីសក្ដានុពល និងសម្រស់ប្រទេសកម្ពុជា ដែលមានតំបន់ទេសចរណ៍សម្បូរបែប ជាពិសេសទេសភាពបែបធម្មជាតិ។ ផ្តើមចេញពីកត្តានេះ បង្កើតនូវមនសិការស្រឡាញ់ទឹកដី និងធម្មជាតិក្នុងប្រទេស ដែលជាមូលដ្ឋានគ្រឹះជំរុញឲ្យកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ទទួលបានជោគជ័យ»

លោក ចាន់ រដ្ឋា ប្រធានផ្នែកកិច្ចការសាធារណៈជាន់ខ្ពស់ នៃក្រុមហ៊ុន ប៉េង ហួត គ្រុប បានលើកឡើងថា៖ «ក្រុមហ៊ុនមានកិត្តិយស និងសេចក្តីសោមនស្សយ៉ាងក្រៃលែងដែលទទួលបាននូវបណ្ណសរសើរមេត្រីភាពបរិស្ថាននេះជាលើទី២។ បរិស្ថានបៃតង និងការអភិវឌ្ឍរបស់ក្រុមហ៊ុនត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ តាមចក្ខុវិស័យរបស់ស្ថាបនិក និងទិសដៅរបស់ក្រុមហ៊ុន។ សូមថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន ដែលបានរៀបចំឲ្យមានកម្មវិធីនេះឡើង ព្រមទាំងជំរុញឲ្យមានការចូលរួមកាន់តែច្រើនពីប្រតិបត្តិករនានា និងបងប្អូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះក៏សូមថ្លែងអំណរគុណផងដែរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងគម្រោង និងអតិថិជនរបស់បុរីប៉េងហួតដែលបានចូលរួមដោយផ្ទាល់ និងដោយប្រយោល ជាមួយការគំាទ្រលើសកម្មភាព និងការងារបរិស្ថានរបស់ក្រុមហ៊ុនកន្លងមក»

គួរឲ្យដឹងថា ដើម្បីជំរុញការចូលរួមពីប្រតិបត្តិករ ជានីតិបុគ្គល និងរូបវន្តបុគ្គល មកពីគ្រប់វិស័យ មិនថាវិស័យសាធារណៈ វិស័យឯកជន ឬគ្រឹះស្ថាននានា ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឲ្យមាននិរន្តរភាព និងការរស់នៅដោយចីរភាព ក្រសួងបរិស្ថាន ដែលមាននាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានជាសេនាធិការ បានរៀបចំកម្មវិធីលើកទឹកចិត្តមេត្រីភាពបរិស្ថានប្រចាំឆ្នាំ ដើម្បីផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថានជូនដល់ប្រតិបត្តិករដែលបានចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានបានល្អប្រសើរ។

នៅឆ្នាំ២០២១នេះ ប្រតិបត្តិករមេត្រីភាពបរិស្ថានឆ្នើម សរុបចំនួន២៣០ ដែលទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាន មកពីចម្រុះវិស័យ រួមមានជាអាទិ៍៖

* (ទី១)៖ នីតិបុគ្គល ដូចជា ក្រុមហ៊ុនផលិតភេសជ្ជៈ ក្រុមហ៊ុនទូរស័ព្ទចល័ត ក្រុមហ៊ុនអចលនទ្រព្យ ធនាគារ ផលិតកម្ម រម្មណីយដ្ឋាន ភោជនីដ្ឋាន ឬគ្រឹះស្ថានសាធារណៈផ្សេងៗជាដើម និង
* (ទី២)៖ រូបវន្តបុគ្គល៖ ដូចជា អ្នកថតរូប សិល្បៈករ តន្រ្តីករ ផលិតករ ឬបុគ្គលសាធារណៈផ្សេងៗទៀត។

សូមរំលឹកផងដែរថា ពាក់ព័ន្ធការងារបរិស្ថាននេះ កន្លងមកក្រុមហ៊ុនបានចូលរួមក្នុងសកម្មភាពជាច្រើនដូចជា៖ ទិវាសម្អាតពិភពលោកនៅកម្ពុជា ទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក សហការជាមួយក្រសួងបរិស្ថានចុះផ្សព្វផ្សាយអំពីការបែងចែក និងរៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ឧបត្ថម្ភរថយន្តបោសសំរាមដល់អាជ្ញាធរមូលដ្ឋានក្នុងការសម្អាតទីក្រុងភ្នំពេញ ចូលរួមកម្មវិធីប្រមូលសំណល់ប្លាស្ទិកនៅតាមបឹងទន្លេសាបនារដូវទឹកសម្រក ក៏ដូចជាបានចូលរួមរៀបចំកម្មវិធីដាំដើមឈើ។ល៕