(ភ្នំពេញ)៖ ជីប ម៉ុង រួមជាមួយនឹងពាណិជ្ជកម្មរបស់ខ្លួនដូចជា ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន និង ធនាគារ ជីប ម៉ុង បានទទួល «បណ្ណសរសើរមេត្រីភាពបរិស្ថាន» ពីក្រសួងបរិស្ថាន ចំពោះការអនុវត្តសកម្មភាពចូលរួមលើកកម្ពស់កិច្ចគាំពារបរិស្ថាន នៅក្នុងសង្វាក់ផលិតកម្ម និងរាល់ប្រតិបត្តិការអាជីវកម្ម ។

ជីប ម៉ុង តែងគិតគូរជាចម្បងលើកត្តាបរិស្ថាន ដោយបានផ្សារភ្ជាប់ទៅក្នុងយុទ្ធសាស្រ្តស្នូល តាមរយៈការបង្កើតយុទ្ធនាការលើកកម្ពស់បរិស្ថាន ព្រមទាំងបានដាក់បញ្ចូល សកម្មភាពនានានៅក្នុងប្រតិបត្តិការអាជីវកម្មដូចជា ការកាត់បន្ថយការប្រើប្រាស់ក្រដាសដោយជំនួសមកការប្រើប្រាស់ប្រព័ន្ធឌីជីថល កាត់បន្ថយការ ប្រើប្រាស់ថាមពល តាមរយៈការបណ្តុះបណ្តាល និងយុទ្ធនាការយល់ដឹងដល់បុគ្គលិកអំពីផលប៉ះពាល់ និងពង្រឹងកិច្ចសហការកាន់តែជិតស្និត ជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីរួមចំណែកក្នុងសកម្មភាពបរិស្ថាន។

ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាបាននូវមេត្រីភាពបរិស្ថាននៅក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មតាមស្តង់ដា ក៏ដូចជាការដំឡើងផ្ទាំងសូឡានៅក្នុងរោងចក្រផលិតស៊ីម៉ងត៍ដើម្បីផលិតថាមពលស្អាត។ ក្នុងនោះដែរ គម្រោង « ជីបម៉ុង អេកូសាយខល» បានបង្ហាញសមត្ថភាពខ្ពស់ ក្នុងការ គ្រប់គ្រង កាកសំណល់ និងកែច្នៃ ឡើងវិញ នូវ កាកសំណល់ ឧស្សាហកម្ម។

ធនាគារ ជីប ម៉ុង ដែលមានចក្ខុវិស័យឆ្ពោះទៅកាន់ឌីជីថលនីយកម្ម ក៏បានបង្ហាញទំនួលខុសត្រូវ ខ្ពស់ចំពោះបរិស្ថាន តាមរយៈការជ្រើសយកយុទ្ធសាស្រ្តឌីជីថល សម្រាប់ការធ្វើ ប្រតិបត្តិការ សេវា ធនាគារ។

ជីប ម៉ុង និងពាណិជ្ជកម្មនានា បន្តប្តេជ្ញាចិត្តរួមចំណែកក្នុងការថែរក្សាបរិស្ថានផែនដី និងលើកស្ទួយការអភិវឌ្ឍប្រកបដោយនិរន្តរភាពសម្រាប់យុវជនជំនាន់ក្រោយ៕