(ក្រុងរ៉ូម)៖ អតីតខ្សែប្រយុទ្ធក្រុមបាល់ទាត់ជម្រើសជាតិអ៉ីតាលី និងក្លិប Juventus កីឡាករ Fabrizio Miccoli ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំកន្លះពីបទជំរិតទារប្រាក់ ដែលធ្វើឲ្យមានស្ថានទម្ងន់ទោសដោយវិធីរបស់ក្រុមម៉ាហ្វីយ៉ា។ នេះបើតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

Miccoli ត្រូវបានរកឃើញមានទោសក្នុងឆ្នាំ២០១៧ ដោយបានចូលរួមជាមួយក្រុមកូនប្រុស មេក្រុមម៉ាហ្វីយ៉ា ក្នុងការជំរិតទារប្រាក់ប្រមាណ ១២,០០០អឺរ៉ូ ពីម្ចាស់ក្លឹបរាត្រីមួយកន្លែងនៅទីក្រុង Palermo ប្រទេសអ៉ីតាលី។

លោកបានច្រានចោលការចោទប្រកាន់ ហើយបានប្តឹងតវ៉ាពីការកាត់ទោសនេះទៀតផង។

ហេតុការណ៍ខាងលើនេះគឺបានកើតឡើងនៅក្នុងឆ្នាំ២០១០ និងឆ្នាំ២០១១។ ក្នុងឆ្នាំ២០១៣ លោក Miccoli ត្រូវបានគេបង្ខំឲ្យសុំទោស បន្ទាប់ពីលោកត្រូវបានចោទប្រកាន់ពីបទប្រមាថចៅក្រមប្រឆាំងក្រុមម៉ាហ្វីយ៉ា Giovanni Falcone។

យោងតាមសារព័ត៌មាន Sky Sport Italia បានចេញផ្សាយថា លោក Miccoli បានប្រគល់ខ្លួនឯងឲ្យប៉ូលិសនៅភាគខាងជើងទីក្រុង Rovigo បន្ទាប់ពីសាលក្រមត្រូវបានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះ។

លោក Miccoli វ័យ ៤២ឆ្នាំរូបនេះរកបានគ្រាប់បាល់ ១០៣គ្រាប់ ក្នុងចំណោម ២៥៩ការប្រកួតនៅលីគ Serie A ក្នុងរយៈពេល៩រដូវកាល ខណៈលោកបានស៊ុតបញ្ចូលទី ២គ្រាប់ផងដែរក្នុងការបង្ហាញខ្លួន ១០ប្រកួតឲ្យក្រុមជម្រើសជាតិអាសូរីអ៉ីតាលី៕