(មេនឆេស្ទើ)៖ ក្លិបបាល់ទាត់ Manchester United ប្រកៀកសម្រេចការតែងតាំងលោក Ralf Rangnick ជាគ្រូបង្វឹកបណ្តោះអាសន្នមែនទែនហើយ ក្រោមកិច្ចសន្យារយៈពេល ៦ខែ ដើម្បីជំនួសកន្លែងលោក Ole Gunnar Solskjaer ដែលត្រូវបានបញ្ចប់តំណែង។

រហូតមកទល់នឹងពេលនេះ បិសាចក្រហមមិនទាន់រកបានគ្រូបង្វឹកថ្មីពេញសិទ្ធិនៅឡើយទេ ដ្បិតទាក់ទងទៅលោក Ernesto Valvarde អតីតអ្នកចាត់ការទូទៅក្លិបអេស្ប៉ាញ FC Barcelona តែបានបដិសេធ។

លោក Rangnick វ័យ ៦៣ឆ្នាំ ធ្លាប់ដឹកនាំក្លិបអាល្លឺម៉ង់ Schalke ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ UEFA Champions League ផងដែរ។

រវាងក្លិបអង់គ្លេស Man Utd និង Rangnick បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនរួចរាល់ហើយ នៅឡើយតែខាងភាគីក្លិប Lokomotiv Moscow របស់ប្រទេសរុស្ស៊ីដែលលោកកំពុងកាន់តួនាទីជានាយកផ្នែកកីឡា និងការអភិវឌ្ឍន៍ និងមិនទាន់ត្រូវបានតែងតាំងទាន់ពេល ពេលបិសាចក្រហមប៉ះម្ចាស់ផ្ទះតោខៀវ Chelsea នារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះទេនៅក្របខណ្ឌលីគកំពូលអង់គ្លេស Premier League។

ការឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នដែលមានតែពាក់កណ្តាលឆ្នាំនេះដែរ ពោលគឺរហូតដល់ចប់រដូវកាលនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពី Man Utd បានសម្រេចបញ្ចប់តំណែងអ្នកចាត់ការសញ្ជាតិន័រវេស Ole នាថ្ងៃអាទិត្យ ២សប្តាហ៍មុន ក្រោយដឹកនាំរយៈពេល ៣ឆ្នាំដោយមិនឈ្នះពានអ្វីសោះ៕