(សេអ៊ូល)៖ កាលពីដើមឆ្នាំនេះ Samsung បាននិយាយថា មិនមានផលិតផលជំនាន់ថ្មីនៃត្រកូល Note នោះទេសម្រាប់ឆ្នាំនេះ ប៉ុន្តែនឹងមានស្មាតហ្វូនថ្មីនៃត្រកូល Note នៅឆ្នាំក្រោយ។ យ៉ាង ណា មិញ របាយការណ៍ ចុង ក្រោយ ដែលមានប្រភព មក ពី ប្រទេស កូរ៉េ ខាង ត្បូង បានបញ្ជាក់ថា ត្រកូល Galaxy Note ឬ Note នឹងមិនបង្ហាញខ្លួនជាជាអចិន្ត្រៃយ៍។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Samsung ទំនងជា ដកចេញនូវស៊េរី Note ចេញពីគម្រោងផលិតផលរបស់ខ្លួនសម្រាប់ឆ្នាំ២០២២ ហើយហេតុផលដែលចម្បងនោះគឺថា ក្រុមហ៊ុនបច្ចេកវិទ្យា កូរ៉េខាងត្បូងមួយនេះប្ដូរទៅយកចិត្តទុកដាក់ និងផ្ដោតសំខាន់លើផលិតផលថ្មី Foldable ជំនួសវិញ។

ក្រុមអ្នកឃ្លាំងមើលបានលើកឡើងថា ហេតុផលមួយនេះអាចទទួលយកបាន ដោយសារតែបើពិនិត្យទៅលើរបាយការណ៍ និងតួលេខនៃការលក់ Galaxy Note 10 និងត្រកូល Note 20 វិញគឺទទួលបានត្រឹមតែ ១២,៧ និង ៩,៧លានគ្រឿងប៉ុណ្ណោះនៅក្នុងឆ្នាំ ២០១៩ និង២០២០ ខណ:ដែល Galaxy Z Fold មានការបញ្ជាទិញរហូតដល់ ១៣លានគ្រឿង។

ដូច្នេះប្រសិនបើ Samsung កំពុងមើលឃើញនិន្នាការកើនឡើងនៃការបញ្ជាទិញទូរស័ព្ទដែលអាចបត់បាន (Foldable) និងការថយចុះនៃការលក់ត្រកូល Note នោះ , Samsung អាចធ្វើការជំនួស Note ដោយ Flip និង Fold ហើយទីផ្សារគឺនៅតែមានភាពល្អ ប្រសើរដដែល។

គួរបញ្ជាក់ផងដែរថា របាយការណ៍ចុងក្រោយបានបង្ហើបឱ្យដឹងថា Samsung កំពុងបញ្ឈប់ការផលិត Galaxy Note20 និង Note20 Ultra នៅឆ្នាំ ២០២២ ជាមួយនឹងហេតុផលមួយចំនួន ប៉ុន្តែបើទោះបីជាយ៉ាងនេះក្ដី ក៏គេនៅមិនទាន់ទទួលបានការបញ្ជាក់ជាផ្លូវការណាមួយពីសំណាក់ ខាងក្រុមហ៊ុន Samsung នៅឡើយទេ៕