(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើការប្រមូលផ្ដុំហ្វឹកហាត់នារសៀលនេះ នៅកីឡដ្ឋានស្ដាតចាស់ ពោលគឺ ១០ថ្ងៃ មុនជំនួបបើកឆាកពូល B ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នាថ្ងៃទី០៦ ខែធ្នូខាងមុខ ក្នុងពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Suzuki Cup 2020 នៅប្រទេសសិង្ហបុរី។

ការប្រមូលផ្ដុំនេះធ្វើឡើង ៤ថ្ងៃក្រោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករ ៣០នាក់ដែលត្រូវបានអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda និងគ្រូបង្វឹកលោក Ryu Hirose បានកោះហៅចូលរួមប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់ខាងលើ។

ចំពោះសមាជិកក្រុមគោព្រៃកម្ពុជាទាំង ៣០នាក់ដែលត្រៀមប្រមូលផ្ដុំហ្វឹកហាត់ថ្ងៃដំបូងល្ងាចនេះ រួមមានកីឡាករវិសាខា ៦រូប, បឹងកេត ៥រូប, ព្រៃវែង ៥រូប, ភ្នំពេញក្រោន ៥រូប, ព្រះខ័នរាជស្វាយរៀង ៥រូប, ណាហ្គាវើលដ៏ ២រូប, កងយោធពលខេមរភូមិន្ទ និងអគ្គិសនីកម្ពុជា មានកីឡាករត្រូវបានកោះហៅម្នាក់ៗដូចគ្នា។

តាមការឲ្យដឹងពីមន្ដ្រីសហព័ន្ធ ក្រុមគោព្រៃកម្ពុជា នឹងធ្វើការប្រមូលផ្ដុំហ្វឹកហាត់ក្នុងស្រុករយៈពេល ៥ថ្ងៃ មុនចាកចេញទៅប្រទេសសិង្ហបុរី នៅថ្ងៃទី០១ ខែធ្នូខាងមុខ ដើម្បីបន្ដការហ្វឹកហាត់ត្រៀមការប្រកួតជម្រុះពូល B ជាមួយគូប្រជែង ៤ក្រុមផ្សេងទៀតរួមមានក្រុមជម្រើសជាតិម៉ាឡេស៊ី វៀតណាម ឥណ្ឌូនេស៊ី និងឡាវ។

សូមបញ្ជាក់ថា ពានរង្វាន់ AFF Suzuki Cup 2020 នឹងដំណើរការប្រកួតផ្លូវការពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នៅប្រទេសសិង្ហបុរីតែមួយគត់។ ចំណែកពូល A ក៏មានបេក្ខភាពប្រកួតប្រជែង ៥ក្រុមដែររួមមានអតីតក្រុមជើងឯក ៥សម័យថៃ មីយ៉ាន់ម៉ា ហ្វីលីពីន ទីម័រខាងកើត និងម្ចាស់ផ្ទះសិង្ហបុរី៕