(ក្រុងឡុងដ៍)៖ ការរបូតគ្រាប់បាល់ចុងម៉ោង ៩០+៤ នៅពេលចាញ់ម្ចាស់ផ្ទះ NS Mura ២-១ បានធ្វើឲ្យក្រុមបាល់ទាត់ Tottenham Hotspur ឈានដល់មាត់ជ្រោះនៃការធ្លាក់ចេញពីពានរង្វាន់ UEFA Europa Conference League នៅពេលទើបរកបាន ៧ពិន្ទុឈរនៅលេខរៀងទី៣ បណ្តោះអាសន្នប្រចាំពូល G នៅសល់ ១ប្រកួតទៀត។

ក្រុមដែលដឹកនាំដោយគ្រូបង្វឹកថ្មី លោក Antonio Conte នៅសល់សមាជិកតែ ១០ប៉ុណ្ណោះចាប់ពីនាទី៣១ ដោយសារ Sessegon ត្រូវបានពិន័យកាតក្រហមបណ្តេញចេញពីទីលាន និងរកបានតែ ១គ្រាប់ពីសំណាក់ខ្សែប្រយុទ្ធ Harry Kane នៅនាទី៧២ ដែលជាគ្រាប់តាមស្មើ ១-១ នៅពេល Horvat ស៊ុតគ្រាប់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ Mura តាំងពីនាទី១១ មក។

តែយ៉ាងណាក្រុមបាតតារាងក្នុងពូល G ខាងលើនេះ ស្គាល់រសជាតិ ៣ពិន្ទុដំបូងក្នុងចំណោម ៥ប្រកួតរបស់ពួកគេនៅពេល Marosa រកបានគ្រាប់ជ័យជម្នះនៅនាទី៩០+៤ ទៅហើយ។

ក្រោយចប់ការប្រកួតនោះភ្លាម អ្នកចាត់ការទូទៅសញ្ជាតិអ៉ីតាលីមិនបាននិយាយអ្វីជាមួយកូនក្រុមរបស់លោកទេ ក្រោយបរាជ័យដ៏អាម៉ាសនៅចំពោះមុខក្រុមបាតបែបនេះក្នុងទឹកដីនៃប្រទេសស្លូវេនី ដែលត្រូវបានលោក Jermaine Jenas អតីតខ្សែបម្រើក្លិប Spurs បានថ្លែងប្រាប់ BT Sport ថា «វាជាការបរាជ័យដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត នៅពេលលោក Glenn Hoddle អតីតអ្នកចាត់ការក្លិបអង់គ្លេសនេះក៏បានលើកឡើងថា «ទម្រង់លេងក្នុងតង់ទី១ របស់មាន់ខ្នាយមាសពិតជាអាក្រក់ខ្លាំងណាស់»