(ស៊ីដនី)៖ ប្រធានព្រឹត្តិការណ៍ប្រកួតវាយតេន្នីស Australian Open លោក Craig Tiley រំពឹងថា នឹងមានរហូតដល់ ៩៥ភាគរយនៃកីឡាករអាជីព នឹងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រឹមពេលវេលានៃការប្រកួតកម្រិត Grand Slam នៅខែមករា ឆ្នាំក្រោយ ប៉ុន្តែមិនធានាថា កីឡាករលំដាប់លេខ១ របស់ពិភពលោក Novak Djokovic នឹងស្ថិតក្នុងចំណោមពួកគេ ឬយ៉ាងណានោះទេ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Tiley បានលើកឡើងថា ការកំណត់វ៉ាក់សាំងកាតព្វកិច្ចរបស់រដ្ឋ Victoria បានលើកទឹកចិត្តឲ្យកីឡាករទទួលការចាក់វ៉ាក់សាំង មុនពេលចូលទៅកាន់ទីលានប្រកួត Melbourne Park ជាទីកន្លែងដែលអ្នកគាំទ្រ និងបុគ្គលិក ក៏នឹងត្រូវបានហាមឃាត់ផងដែរ ប្រសិនបើមិនបានចាក់វ៉ាក់សាំង។

«គិតត្រឹមថ្ងៃនេះមានជាង ៨៥ភាគរយហើយ ដែលពួកគេបានទទួលវ៉ាក់សាំង» នេះបើតាមលោក Tiley បានលើកឡើងពីកីឡាករអាជីពប្រាប់ទៅកាន់ស្ថានីយវិទ្យុក្នុងស្រុក SEN នាថ្ងៃព្រហស្បតិ៍។

«យើងគិតថា រហូតដល់ខែមករាខាងមុខ វានឹងមានចម្លោះពី ៩០-៩៥ភាគរយដែលបានចាក់វ៉ាក់សាំង ដោយសារតែបើអ្នកមិនចាក់ អ្នកនឹងមិនអាចូលរួមប្រកួតបាននោះទេ»

សូមបញ្ជាក់ថា Australian Open ឆ្នាំ២០២២ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣០ ខែមករាខាងមុខ ដោយមានអូស្រ្តាលីធ្វើម្ចាស់ផ្ទះតែមួយគត់៕