(កូរ៉េ)៖ អ្នករាយការណ៍អំពីកិច្ចការយោធា របស់ប្រព័ន្ធផ្សព្វផ្សាយ Asia E នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា សភាជាតិរបស់កូរ៉េខាងត្បូង បានជួបប្រជុំគ្នាដើម្បីពិភាក្សា អំពីច្បាប់បំពេញកាត្វកិច្ចយោធា។ ក្នុងការពិភាក្សានោះ គឺបានលើកឡើងថា តើបុគ្គលដែលមានឥទ្ធិពលផ្នែកវប្បធម៌ និងសិល្បករល្បីល្បាញ ជួយលើកស្ទួយកិត្យានុភាពជាតិរបស់កូរ៉េខាងត្បូង លើឆាកអន្តរជាតិ គួរតែត្រូវបានលើកលែកកាព្វកិច្ចយោធា មកជាការងារស្ម័គ្រចិត្តវិញបានឬអត់? នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន koreaboo នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។
ច្បាប់យោធាបច្ចុប្បន្នរបស់កូរ៉េខាងត្បូង បានកំណត់ថាកីឡាករ និងសិល្បករដែលមានជំនាញច្បាស់លាស់ មានឥទ្ធិពលខ្លាំងផ្នែកវប្បធម៌ សំដៅទៅលើតន្ត្រីករ និងអ្នករាំរបាំប៉ាឡេ (មិនរាប់បញ្ចូលអ្នកចម្រៀង) គឺត្រូវបានលើកលែងកាព្វកិច្ចយោធា។ យ៉ាងណាមិញ ងាកមកក្រុមចម្រៀង BTS ដែលមានឥទ្ធិពលខ្លាំង ក្នុងការផ្សព្វផ្សាយវប្បធម៌កូរ៉េទៅកាន់ពិភពលោក ត្រូវបានមហាជនភាគច្រើន លើកទឹកចិត្តឲ្យរដ្ឋាភិបាលពិចារណាឡើងវិញ ថាត្រូវបានលើកលែងដែរ ឬយ៉ាងណា? ពាក់ព័ន្ធបញ្ហានេះ សភាកូរ៉េខាងត្បូងហាក់ស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត ដោយផ្នែកទៅលើហេតុផលមួយចំនួន។ មួយផ្នែកបានលើកឡើង ទាំងការធ្លាក់ចុះធនធានមនុស្សសម្រាប់កូរ៉េខាងត្បូង ដោយសារតែចំនួនប្រជាជនធ្លាក់ចុះ។
ជុំវិញបញ្ហានេះដែរ រដ្ឋបាលកងទ័ពកូរ៉េខាងត្បូង បានលើកឡើងថា ពាក់ព័ន្ធនឹងការរាប់បញ្ចូនតារាចម្រៀងល្បីល្បាញផ្នែកវប្បធម៌ ទៅក្នុងពាក្យថា សិល្បៈនិងកីឡា ដើម្បីទទួលការលើកលែងកាព្វកិច្ចយោធា តម្រូវឲ្យមានការពិនិត្យពិច្ច័យឲ្យបានល្អិតល្អន់បំផុត ដោយផ្អែកគោលការណ៍ស្តង់ដារ និងមតិសាធារណៈ។
គួរជម្រាបថា ប្រព័ន្ធស្តីពីការពន្យារពេល ចូលបម្រើកាតព្វកិច្ចយោធាថ្មី គឺត្រូវបានអនុញ្ញាត សម្រាប់អ្នកសិល្បៈរូបណា ដែលចូលរួមយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយវប្បធម៌ របស់ប្រទេសកូរ៉េទៅកាន់ពិភពលោក ពោលគឺត្រូវបានអនុញ្ញាត ឲ្យពន្យារពេលចូលបំពេញកាព្វកិច្ចយោធារហូតដល់អាយុ៣០ឆ្នាំ ខណៈជាទូទៅបុរសដែលមានវ័យដល់១៧ឆ្នាំ យ៉ាងច្រើន២៨ឆ្នាំ នឹងត្រូវចូលបម្រើយោធា ក្នុងរយៈពេលកំណត់ណាមួយ។
ជាមួយគ្នានេះ សម្រាប់ក្រុមចម្រៀងបុរស BTS គេនៅមិនទាន់ច្បាស់នៅឡើយទេថា នឹងសម្រេចយ៉ាងណា ខណៈបញ្ហានេះគ្រោងនឹងបន្តការពិភាក្សា ដោយបានរៀបចំដើម្បីប្រមូលមតិសាធារណៈ នាពេលអនាគតថា ពួកគេពិតជាត្រូវបានលើកលែង ឬយ៉ាងណា៕