(ភ្នំពេញ)៖ លោកស្រី ឡាយ រចនា អគ្គនាយិការងជាន់ខ្ពស់ និងជាអ្នកតំណាង ធនាគារ ជីប ម៉ុង បានចូលរួមពិធីទទួលបណ្ណសរសើរមេត្រីភាពបរិស្ថាន ដែលបានរៀបចំឡើងដោយក្រសួងបរិស្ថាន។

កម្មវិធីនេះធ្វើឡើងនាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធីបតីភាពលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

លោក សាយ សំអាល់ បានលើកឡើងថា ការលើកកម្ពស់ប្រតិបត្តិមេត្រីភាពបរិស្ថាន គឺជាកិច្ចការមួយដ៏សំខាន់ ធ្វើយ៉ាងណាឲ្យកម្ពុជាមានបរិស្ថានស្អាត មានភាពបៃតង និងមានភាពស៊ីវិល័យ។ ការងារនេះអាចសម្រេចបាន ដរាបណាមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូប។

លោករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះប្រតិបត្តិករទាំងអស់ ដែលបានចូលរួមជាមួយក្រសួងបរិស្ថាន និងសូមបន្តសកម្មភាពនេះជាមួយក្រសួងបរិស្ថានបន្តទៀត ដើម្បីរួមគ្នាលើកម្ពស់កិច្ចគាំពារបរិស្ថាន។

ឆ្លៀតក្នុងឱកាសដែលធនាគារ ជីប ម៉ុង ទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាននេះដែរ លោកស្រី ឡាយ រចនា ក៏បានលើកឡើងថា ធនាគារ ជីប ម៉ុង ជានិច្ចកាលតែងតែគិតគូរពីការគាំពារបរិស្ថានឲ្យមាននិរន្តរភាព ទាំងក្នុងកិច្ចការងារប្រចាំថ្ងៃ និងទាំងការបម្រើអតិថិជន ដូចជាការប្រើបា្រស់បច្ចេកវិទ្យាឌីជីថលទំនើបៗ ដើម្បីកាត់បន្ថយក្រដាស ការដាំដើមរុក្ខជាតិក្នុងការិយាល័យ និងការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជួយសង្គមជាដើម។

គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង ទើបបើកប្រតិបត្តិការជាង២ឆ្នាំប៉ុណ្ណោះ តែធនាគារនេះទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាន២ឆ្នាំជាប់ៗគ្នា។ សមិទ្ធផលនេះ គឺកើតចេញពីស្មារតីខិតខំ និងការគិតគូរខ្ពស់លើស្តង់ដារប្រតិបត្តិ តាមគោលការណ៍មេត្រីភាពបរិស្ថានផ្ទាល់តែម្តង៕