(បាសេឡូណា)៖ ប្រធានក្លិប FC Barcelona លោក Juan Laporta នៅតែមានសង្ឃឹមសម្រាប់ក្លិបអ្នកមានបុណ្យ FC Barcelona អាចយកឈ្នះគូប្រជែង Bayern Munich បាននៅប្រកួតចុងក្រោយរបស់ពួកគេ ដើម្បីឡើងវគ្គ ១៦ក្រុមចុងក្រោយនៃពានអឺរ៉ុប UEFA Champions League។

Barcelona ត្រូវប៉ះក្រុមខ្លាំង Bayern Munich ដែលពួកគេធ្លាប់ចាញ់ ៣-០ កាលពីជើងទី១ នារដូវកាលនេះ និងធ្លាប់ចាញ់ស្ពឹកមុខ ៨-២ កាលឆ្នាំ២០២០ សម្រាប់ប្រកួតចុងក្រោយរបស់ពួកគេនៅថ្ងៃទី០៩ ខែធ្នូប្រចាំពូល E នៅពេល Benfica ត្រូវប៉ះក្រុមភ្ញៀវ Dynamo Kyiv នៅទឹកដីប្រទេសព័រទុយហ្គាល់។

តែយ៉ាងណាសម្រាប់លោក Juan Laporta នៅតែជឿជាក់ថាក្រុមរបស់លោកនៅតែអាចសងសឹកក្រុមអាល្លឺម៉ង់បាន ដោយលោកបានលើកឡើងថា «ការយកឈ្នះ Bayern គឺជារឿងមួយដែលពួកយើងអាចធ្វើបាន ដ្បិតវាជាការប្រកួតដ៏លំបាកសម្រាប់ Barcelona ក៏ដោយ ក៏ខ្ញុំនៅតែជឿជាក់បែបនេះ។ យើងមាន Xavi ដែលពោរពេញដោយភាពស្រេកឃ្លានជ័យជម្នះ និងភាពខ្លាំង ជាអ្វីដែលយើងគិតថា អាចទៅរួច»

ផ្លូវដែល Barcelona អាចឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៅ UCL បានដរាបណាឈ្នះម្ចាស់ផ្ទះ Bayern Munich ដោយលទ្ធផលរវាង Benfica និង Dynamo Kyiv មិនសំខាន់ តែបើស្មើនឹងក្រុមខ្លារខិន និង Benfica ឈ្នះនោះ នោះកៅអីវគ្គ ១៦ក្រុមពូល E នឹងបានទៅលើក្រុមរបស់ព័រទុយហ្គាល់ ព្រោះរូបមន្ត head to head, Benfica ធ្លាប់ឈ្នះ FC Barcelona ៣-០ កាលពីជើងទី១៕