(សិង្ហបុរី)៖ កីឡាករវាយសី Loh Kean Yew បានធ្វើឲ្យកីឡាករឈរលំដាប់លេខ១ ពិភពលោកផ្នែកបុរស Kento Momota មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានប្រជែងគ្នាដោយកីឡាករសញ្ជាតិសិង្ហបុរី បានយកឈ្នះក្នុងព្រឹត្តិការណ៍ Indonesia Open 2021។ នេះបើតាមការចេញផ្សាយដោយ CNA នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

Loh Kean Yew បានយកឈ្នះកីឡាករលំដាប់កំពូល Kento Momota សញ្ជាតិជប៉ុន ក្នុងលទ្ធផល ២១-៧, ១៧-២១ និង ២១-១៩ ដែលនេះបានធ្វើឲ្យរូបគេបង្កើតបានកំណត់ត្រាថ្មីរបស់ខ្លួន ក្នុងការប្រជែងនៃវគ្គជម្រុះ ហើយត្រូវជួបកីឡាករ Hans Kristian Vittinghus នៃវគ្គ ៨នាក់ក្នុងផែនទី១ ដែលផែនទី២ មានកីឡាករ Jonatan Christie ឈរចាំរួចជាស្រេចនោះ។

បច្ចុប្បន្ន Loh Kean Yew វ័យ ២៤ឆ្នាំ កំពុងឈរលេខរៀងទី២៦ ក្នុងតារាង (Ranking) បន្ទាប់ពីបានឈ្នះពានកម្រិត BWF World Tour Super 500 នៃកម្មវិធី Hylo Open 2021 នៅអាល្លឺម៉ង់ កាលពីដើមខែនេះ ជាមួយពាន Dutch Open កាលពីខែតុលាផងដែរ៕