(ចិន)៖ រដ្ឋាភិបាលប្រទេសចិនកំពុងបន្តធ្វើការរឹតត្បិតកាន់តែខ្លាំងឡើយចំពោះវិស័យបច្ចេកវិទ្យាក្នុងស្រុក ដោយថ្មីៗនេះ បានបញ្ជាទៅកាន់ Tencent ដែលជាក្រុមហ៊ុនយក្សលើសេវាកម្មកម្សាន្ត ហ្គេម និងផ្ញើសារ ឱ្យផ្អាក ឬបញ្ឈប់ការ ដាក់ ចេញ កម្មវិធីថ្មី និងកម្មវិធីជំនាន់ថ្មី (Upgrade) ទៅលើ App របស់ខ្លួន បន្ទាប់ពីមានការភាពមិនប្រក្រតីមួយចំនួនកើតឡើង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងឧស្សាហកម្ម និងបច្ចេកវិជ្ជាព័ត៌មានរបស់ប្រទេសចិន (MIIT) បានបញ្ជាឱ្យផ្អាកជាបណ្តោះអាសន្ននូវការធ្វើបច្ចុប្បន្នភាព (updates) លើផលិតផលផងដែរ ហើយ ជាពិសេសគឺ App ទាំងអស់ត្រូវទទួលបានការអនុញ្ញាតពីអាជ្ញាធរទើបអាច Upgrade និងដាក់ឱ្យប្រើប្រាស់បាន។

ការចេញបំរាមនេះត្រូវបានធ្វើឡើងនៅពេលដែលនិយតករឧស្សាហកម្មបច្ចេកវិទ្យាពិនិត្យមើលការអនុលោមតាមច្បាប់ឯកជនភាព របស់អ្នកប្រើប្រាស់ ដើម្បីធានាឱ្យបានថាវាមិនបានប៉ះពាល់ដល់អ្នកប្រើ និងពុំមានការបំពានទៅលើ ផ្នែកណាមួយ។

បើទោះបីជា អាជ្ញាធរបានចេញបំរាមទៅលើការ Upgrade នូវ App ទាំងអស់របស់ក្រុមហ៊ុន Tencent ក្ដី ប៉ុន្តែកម្មវិធីទាំងអស់នោះគឺនៅតែអាច ដំណើរការបានដូចធម្មតាគ្រាន់តែមិនទាន់ឱ្យមានការធ្វើបច្ចុប្បន្នភាពប៉ុណ្ណោះ ខណៈដែលបំរាមនេះប្រហែលជាត្រូវរក្សាទុករហូតដល់ដាច់ឆ្នាំទើប មាន ការកែប្រែថ្មី។

Tencent បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងកំពុងធ្វើការជាបន្តបន្ទាប់ដើម្បីបង្កើនមុខងារការពារអ្នកប្រើប្រាស់នៅក្នុងកម្មវិធីរបស់យើង ហើយក៏មានកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងាររដ្ឋាភិបាលដែលពាក់ព័ន្ធផងដែរ ដើម្បីធានាបាននូវការអនុលោមតាមច្បាប់។ កម្មវិធីរបស់យើងនៅតែមានមុខងារ និងអាចទាញយកបាន»

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានចាប់ផ្ដើមអនុវត្តច្បាប់ការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ចាប់តាំងពីដើមខែវិច្ឆិកា ដែលគោលបំណងនៃច្បាប់ថ្មីនេះគឺដើម្បីគ្រប់គ្រងយ៉ាងតឹងរ៉ឹង និងត្រួតពិនិត្យមើលពីរបៀបដែលក្រុមហ៊ុនបច្ចេកវិទ្យាគ្រប់គ្រង ទិន្នន័យអ្នក ប្រើប្រាស់៕