(សៀមរាប)៖ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចុះពិនិត្យទីតាំងមួយចំនួន ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» ដែលគ្រោងនឹងរៀបចំនាពេលឆាប់ៗខាងមុខនេះ។

នាឱកាសនោះ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះមើលទីតាំងសំខាន់ៗសម្រាប់រៀបចំព្រឹត្តិការណ៍ខាងលើ រួមមាន នៅមុខប្រាសាទអង្គរវត្ត បរិវេណខាងមុខប្រាសាទភ្នំបាខែង និងព្រះលានជល់ដំរី។

លោក ហង់ ពៅ បានបញ្ជាក់ថា ព្រឹត្តិការណ៍រំលឹកគុណអង្គរនឹងរៀបចំប្រារព្ធចាប់ពីថ្ងៃទី១២ ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័រណ៍ និងការសម្ដែងសិល្បៈនៅពេលរាត្រី៕