(រីយ៉ូ)៖ អតីតប្រធានគណៈកម្មាធិការអូឡាំពិកប្រេស៊ីល និងព្រឹត្តិការណ៍ Rio 2016 លោក Carlos Arthur Nuzman ត្រូវបានកាត់ឲ្យជាប់ពន្ធនាគាររយៈពេល ៣០ឆ្នាំ និង ១១ខែ ពីបទទិញសន្លឹកឆ្នោត ដើម្បីឲ្យទីក្រុង Rio de Janeiro ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិក ក្នុងឆ្នាំ២០១៦។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

ការសម្រេចនេះត្រូវបានប្រកាស ដោយចៅក្រម Judge Marcelo Bretas ពីតុលាការ 7th Criminal Court នៅទីក្រុង Rio de Janeiro នាថ្ងៃព្រហស្បតិ៍ម្សិលមិញ។

បុរសវ័យ៧៩ឆ្នាំ ដែលធ្លាប់ធ្វើជាប្រធានគណៈកម្មាធិការអូឡាំពិកប្រេស៊ីលអស់រយៈពេលជាង ២ទសវត្សនោះ ត្រូវបានរកឃើញមានទោស ពីបទលាងលុយកខ្វក់, គេចពន្ធ, ពុករលួយ និងអង្គការឧក្រិដ្ឋកម្ម។

លោក Nuzman ត្រូវបានចាប់ខ្លួនលើកដំបូងកាលពីខែតុលា ឆ្នាំ២០១៧ ជាមួយនឹងមនុស្សជំនិតដៃស្តាំរបស់លោក គឺលោក Leonardo Gryner ជាអតីតប្រធានប្រតិបត្តិព្រឹត្តិការណ៍ Rio 2016 ដោយចោទប្រកាន់ពីបទសូកប៉ាន់ប្រាក់ជាង ២លានដុល្លារ ដើម្បីឲ្យគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ជ្រើសយកទីក្រុង Rio de Janeiro ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ 2016 Olympics។

ទីក្រុង Rio ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡានេះ ក្នុងឆ្នាំ២០០៩ យកឈ្នះលើទីក្រុង Chicago, Tokyo និងទីក្រុង Madrid។

ជាមួយគ្នានោះលោក Gryner ក៏ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៣ឆ្នាំ និង ១០ខែផងដែរពីបទពុករលួយ និងអង្គការឧក្រិដ្ឋកម្ម៕