(អាមេរិក)៖ កំពូលវិស្វករ និងជាប្រធានសកលនៃការអភិវឌ្ឍន៍ថ្មរបស់ក្រុមហ៊ុន Apple លោក Ahn Soonho ត្រូវបានគេរាយការណ៍មកថា បានចាកចេញពីក្រុមហ៊ុន Apple និងបានទៅបម្រើការងារនៅក្នុងក្រុមហ៊ុនផលិតរថយន្តយក្សរបស់អាល្លឺម៉ង់ Volkswagen វិញ ដែលការ ចាកចេញនេះមិនត្រូវបានប្រកាសជាសាធារណ:ឡើយ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Soonho ត្រូវបានគេដឹងថា បានទៅបម្រើការងារនៅក្នុងក្រុមហ៊ុន Volkswagen ក្នុងនាមជាអ្នកដឹកនាំគម្រោងអភិវឌ្ឍន៍អាគុយរថយន្តអគ្គិសនី ប៉ុន្តែមូលហេតុ នៃការ ចាក ចេញពី Apple គឺមិនត្រូវបាននរណាដឹងឡើយ។

ការចាកចេញរបស់លោក Soonho ពីក្រុមហ៊ុន Apple ត្រូវបានគេកត់ចំណាំឃើញថា វាជាការចាកលើកទី២របស់មនុស្សសំខាន់ៗនៅក្នុងគម្រោង Apple Car ដោយកាលពីថ្មីៗនេះ លោក Doug Field ប្រធានដឹកនាំគម្រោង Apple Car បានចាកចេញទៅបម្រើការងារនៅក្នុង ក្រុមហ៊ុន Ford Motor។

លោក Soonho ត្រូវបានគេដឹងថាជាមនុស្សមួយរូបដែលមានជំនាញខាងវិស្វកម្មគីមី ដោយលោកបានបម្រើការងារនៅក្នុងក្រុមហ៊ុន LG និង Samsung ហើយក៏ត្រូវបាន Apple ជួលឱ្យមកធ្វើការងារលើគម្រោងអភិវឌ្ឍន៍ថ្ម ដោយក្នុងនោះគឺមានថ្មសម្រាប់ស្មាតហ្វូន សម្រាប់កុំព្យូទ័រ និងអាគុយសម្រាប់រថយន្តអគ្គិសនី។

ពាក់ព័ន្ធនឹងការចេញបែកធ្លាយព័ត៌មានខាងលើនេះ ខាងក្រុមហ៊ុន Apple និង Volkswagen រួមទាំងលោក Soonho បានបដិសេធមិនធ្វើ អត្ថាធិប្បាយអ្វីទាំងអស់។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានប្រកាសជាផ្លូវការអំពីគម្រោង Apple Car ថានឹងបង្ហាញខ្លួននៅក្នុងឆ្នាំ២០២៤ ប៉ុន្តែមិនបានបញ្ជាក់ ថាវាជារថយន្តបើកបរដោយស្វ័យប្រវត្តិ ឬរថយន្តអគ្គិសនីនោះទេ ប៉ុន្តែកាលពីថ្មីៗនេះអ្នកជំនាញ និងវិភាគអន្តរជាតិបានអះអាងថា Apple Car អាចនឹងពន្យាពេលក្នុងការប្រកាសបង្ហាញរហូតដល់ឆ្នាំ ២០២៥ ដោយសារហេតុផលមួយចំនួន ហើយវាគឺជាគម្រោងបង្កើតរថយន្តអគ្គិសនីបើកបរដោយស្វ័យប្រវត្តិពេញសមត្ថភាព (គ្មានចង្កួត និងគ្មានហ្វ្រាំង)៕